Skip to content

ប្រទេស​ថៃ ពន្យារ​សុពលភាព​នៃ​ការ​បន្ថយពន្ធ​ប្រើប្រាស់​ពិសេស​ចំពោះ​ប្រេងម៉ាស៊ូត

រាជរដ្ឋាភិបាល​ថៃ កាលពី​ម្សិលមិញ បាន​ឯកភាព​លើ​ការពន្យារ​សុពលភាព​នៃ​ការ​បន្ថយពន្ធ​ប្រើប្រាស់​ពិសេស​ចំពោះ​ប្រេងម៉ាស៊ូត ត្រឹម ៥ បាត/លីត្រ (១៤ សេន​អាម៉េរិក/លីត្រ) រយៈពេល ២ ខែ​ទៀត (ចាប់ពី​ថ្ងៃទី ២១ កក្កដា ដល់ ២០ កញ្ញា) ដើម្បី​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ពី​ឥទ្ធិពល​នៃ​តម្លៃ​ឥន្ធនៈ​ដែល​កំពុង​ឡើង​ខ្ពស់។

អ្នកនាំពាក្យ​របស់ រាជរដ្ឋាភិបាល​ថៃ Thanakorn Wangboonkongchana បានឱ្យដឹងថា ការពន្យារ​សុពលភាព​ខាងលើនេះ​គ្រាន់តែ​ជា​វិធានការ​បណ្ដោះអាសន្ន ដើម្បី​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាជន និង​សហគ្រាស នៅពេល​តម្លៃ​ប្រេង​ពិភពលោក​នៅតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់។

មុន​នោះ កាលពី​ខែឧសភា ២០២២ គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត​លើ​ការកាត់បន្ថយ​ពន្ធ​ប្រើប្រាស់​ពិសេស​ចំពោះ​ប្រេងម៉ាស៊ូត ចំនួន ៥ បាត/លី​ត បន្ថែមទៀត រហូតដល់​ថ្ងៃទី ២០ កក្កដា។ ការកាត់បន្ថយ​ពន្ធ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​បានសម្រេច​បន្ថយពន្ធ​ប្រើប្រាស់​ពិសេស ៣ បាត/លីត្រ កាលពី​ខែកុម្ភៈ។

លោក Thanakorn បាន​អះអាងថា ការបន្ថយ​ពន្ធ​នេះ​នឹង​នាំឱ្យ​រដ្ឋាភិបាល​បាត់បង់​ប្រាក់ចំណូល​ប្រហែល ២០ ពាន់​លាន​បាត (៥៥១ លាន​ដុល្លារ​អាម៉េរិក) ក្នុងនោះ ការបន្ថយ​ពន្ធ ១ បាត/លីត្រ នឹង​ធ្វើឱ្យ​រដ្ឋាភិបាល​បាត់បង់​ចំណូល​ប្រហែល ១.៩ ពាន់​លាន​បាត (៥២ លាន​ដុល្លារ​អាម៉េរិក) ជា​រៀងរាល់ខែ៕

Leave a Reply

Your email address will not be published. Required fields are marked *