គិតមកដល់បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម បានទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានកើនដល់ជិត ៧,០០០ ពាក្យហើយ នេះបើតាមលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ប្រសាសន៍របស់ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ត្រូវបានលើកឡើងនៅឯសណ្ឋាគារ អូឡាំព្យា ស៊ីធី ក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាល ស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម កាលពីរសៀលថ្ងៃទី ១២ កក្ដដា។
យោងតាមប្រសាសន៍របស់លោកជំទាវ តឹករ៉េត កំរង ចរន្តនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើគ្រប់វិស័យ ក្នុងនោះ វិស័យធុរកិច្ចទទួលរងឥទ្ធិពលពីបច្ចេកវិទ្យាឌីជីថល ខ្លាំងក្លាជាងគេ។ អាជីវកម្មបែបឌីជីថលបច្ចុប្បន្ន ពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បច្ចេកវិទ្យាឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
កម្មវិធីបណ្តុះបណ្តាល ស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ខាងលើនេះ ត្រូវបានអនុវត្តដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា គាំទ្រដោយភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ក្រោមការផ្តួចផ្តើមថ្មី នៃគម្រោងពង្រីកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅ កម្ពុជា ផ្តោតលើជំនាញ និងសហគ្រិនភាព សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង កម្មវិធី EIF (Enhanced Integrated Framework)៕