ប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅទាបជាងប្រាក់ដុល្លារអាម៉េរិក នៅក្នុងផ្សារជួញដូរ Moskva កាលពីថ្ងៃទី ១២ កក្កដា ក្នុងគ្រាមានការបារម្ភអំពីវិបត្តិថាមពលដែលអាចរុញច្រាន សហភាពអឺរ៉ុប (EU) ឱ្យធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ច។
យោងតាមបណ្ដាញព័ត៌មាន RT (រុស្ស៊ី) ១ ដុល្លារអាម៉េរិក ដូរបាន ៥៨.៧ រូប្លរុស្ស៊ី ខណៈដែល ១ អឺរ៉ូ ដូរបាន ៥៨.៥២ រូប្លរុស្ស៊ី នៅវេលាម៉ោង ១៧ និង ៥៦ នាទី នៃថ្ងៃទី ១២ កក្កដា (ម៉ោងនៅ កម្ពុជា)។
នៅលើផ្សារជួញដូរអន្តរជាតិ ប្រាក់អឺរ៉ូ មានតម្លៃជិតស្មើនឹង ប្រាក់ដុល្លារអាម៉េរិក។ ក្នុងការជួញដូររូបិយប័ណ្ណបរទេស ប្រាក់របស់ សហភាពអឺរ៉ុប ធ្លាក់ថ្លៃមកនៅប្រហែល ១.០០០១ ដុល្លារអាម៉េរិក ដែលនេះគឺជាតម្លៃទាប់បំផុតក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។
គិតមកដល់បច្ចុប្បន្ន ប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃ ១២% ធៀបនឹងប្រាក់ដុល្លាររបស់ សហរដ្ឋអាម៉េរិក នៅក្នុងឆ្នាំនេះ។ មូលហេតុដែលនាំឱ្យមានបញ្ហានេះកើតឡើងគឺដោយសារតម្លៃថាមពលកើនឡើងខ្ពស់ នៅពេលកើតមានសង្គ្រាមនៅ អ៊ុយក្រែន និងទណ្ឌកម្មដែលបានដាក់ទៅលើ រុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់ថាមពលធំជាងគេរបស់ ទ្វីបអឺរ៉ុប ធ្វើឱ្យសេដ្ឋកិច្ចរបស់ទ្វីបនេះ ពើបប្រទះនឹងភាពវឹកវរ៕