អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅ សិង្ហបុរី Ellie Lim បានបោះបង់គម្រោងទិញរថយន្ត Volvo ប្រភេទ SUV ថ្មី សម្រាប់ដឹកកូន ប្រពន្ធ នៅពេលដឹងថា ការក្លាយជាម្ចាស់រថយន្តថ្មីមួយគ្រឿងនឹងត្រូវចំណាយប្រាក់ ១៤២,០០០ ដុល្លារអាម៉េរិក។
Lim ដែលមានអាយុ ៣៤ ឆ្នាំ បានឱ្យដឹងថា «ការទិញរថយន្តថ្មីមួយគ្រឿងគឺជាការសម្រេចចិត្តប្រកបដោយអស្ថិរភាពចំពោះហិរញ្ញវត្ថុ នៅពេលអត្រាការប្រាក់នៃឥណទានទិញរថយន្ត តម្លៃប្រេងសាំង និងការចំណាយលើការថែទាំ មានកម្រិតខ្ពស់ខ្លាំង។ ហេតុអ្វីត្រូវចំណាយប្រាក់ស្មើនឹងតម្លៃផ្ទះមួយខ្នងដើម្បីបានក្លាយជាម្ចាស់ទ្រព្យដែលធ្លាក់ថ្លៃលឿនបែបនេះ?»។
នៅ សិង្ហបុរី គំនិតដូច Lim ពិតជាមានច្រើនណាស់។ សិង្ហបុរី គ្រប់គ្រងយ៉ាងតឹងរឹងទៅលើចំនួនរថយន្តដែលបរនៅលើដងផ្លូវ ដោយបង្ខំឱ្យអ្នកទិញធ្វើការដេញថ្លៃលិខិតអនុញ្ញាតប្រើប្រាស់យានយន្ត នាំឱ្យប្រទេសនេះក្លាយជាកន្លែងមួយដែលមានការចំណាយខ្ពស់បំផុតទៅលើរថយន្ត។
កាលពីខែកន្លង ដោយសារតែតម្រូវការកើនឡើងខ្ពស់ និងដោយសារប្រជាពលរដ្ឋចង់ទិញរថយន្តអគ្គិសនីច្រើនពេក ទើបតម្លៃរបស់លិខិតអនុញ្ញាតក៏ត្រូវបានរុញឡើងថែមមួយកម្រិតទៀត។
ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបញ្ចេញឧស្ម័នពុល អាជ្ញាធរសិង្ហបុរី ក៏បានអនុវត្តគម្រោងមួយដែលធ្វើឱ្យរថយន្តក្លាយជារបស់ «ប្រណិត» ទន្ទឹមនឹងការវិនិយោគរាប់ពាន់លានដុល្លារទៅលើបណ្ដាញគមនាគមន៍សាធារណៈដែលមានប្រសិទ្ធភាពជាងមុខ។
លោក Song Seng Wun សេដ្ឋវិទូប្រចាំធនាគារ CIMB បានឱ្យដឹងថា សិង្ហបុរី «គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដ៏តិចតួចបំផុតដែលអាចកាត់បន្ថយចំនួនរថយន្ត។ អ្នកមិនអាចស្ថាបនាផ្លូវបន្ថែម ហើយក៏មិនអាចយកកន្លែង និងធនធានរបស់អ្នកដទៃ ដូច្នេះ បើសិនអ្នកចង់បើកបររថយន្ត អ្នកត្រូវតែបង់លុយ»។
រដ្ឋាភិបាលសិង្ហបុរី គ្រប់គ្រងចរាចរណ៍ដោយប្រើប្រាស់យុទ្ធសាស្ត្រ «បរិមាណមានកំណត់ (កូតា)» និងពន្ធជាច្រើនប្រភេទ នាំឱ្យការចំណាយទៅលើការបើកបររយន្តនៅលើដងផ្លូវត្រូវឡើងខ្ពស់ជាង ៥ ដង ធៀបនឹងតម្លៃនៅក្នុងបណ្ដាប្រទេសផលិតរថយន្ត។ ការចំណាយធំបំផុតគឺលិខិតបញ្ជាក់កម្មសិទ្ធិលើរថយន្ត (COE) ដែលត្រូវបានដាក់ឱ្យដេញថ្លៃ ២ លើកជារៀងរាល់ខែ។ COE ផ្ដល់សិទ្ធិឱ្យរថយន្ត ១ គ្រឿង បើកបរលើដងផ្លូវបាន ១០ ឆ្នាំនៅ សិង្ហបុរី ហើយនៅពេលអស់សុពលភាព ម្ចាស់រថយន្តត្រូវទិញ COE មួយទៀត បើចង់បន្តប្រើប្រាស់រថយន្ត។
ថ្មីៗនេះ តម្លៃដេញថ្លៃទិញ COE បានកើនឡើងដល់កម្រិតខ្ពស់បំផុត គឺ ១១០,៥២៤ ដុល្លារសិង្ហបុរី ប្រហែល ៧៨,៦០០ ដុល្លារអាម៉េរិក។ យោងតាមក្រុមអ្នកសេដ្ឋសាស្ត្រ និងក្រុមហ៊ុនចែកចាយរថយន្ត តម្លៃនេះអាចនឹងកើនឡើងជាបន្តទៀត យ៉ាងហោចក៏ត្រឹមចុងឆ្នាំ ២០២២៕