ខណៈដែលបាតុភូតរន្ទះបានបង្កឱ្យមានមនុស្សស្លាប់ និងសត្វពាហនៈងាប់ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) គ្រោងនឹងរៀបចំដំឡើងឧបករណ៍ប្រឆាំងរន្ទះ នៅតាមតំបន់មួយចំនួនដែលតែងកើតមានបាតុភូតនេះ។
គ្រោះធម្មជាតិកើតមានជារៀងរាល់ឆ្នាំ និងបានបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិតជាច្រើនរបស់ប្រជាពលជន ក្នុងនោះមានដូចជា ទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះបាញ់ រាំងស្ងួត បាក់ច្រាំងទន្លេ និងជំងឺរាតត្បាតជាដើម នេះបើតាម ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃ គ.ជ.គ.ម មានប្រសាសន៍នៅក្នុងវេទិការជាតិស្តីពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ លើកទី ២៩ ធ្វើឡើងនៅថ្ងៃទី ១៣ ខែកក្កដា។
យោងតាម អនុប្រធានទី១ នៃ គ.ជ.គ.ម បញ្ហារន្ទះបាញ់ បានបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋជារៀងរាល់ឆ្នាំ ប៉ុន្តែមិនសូវត្រូវបានគេយកចិត្តទុកដាក់ ដូចនេះ ឯកឧត្តមក៏បានស្នើឱ្យ លេខាធិការដ្ឋានតាមបណ្ដារាជធានីខេត្ត ពិនិត្យមើលតំបន់ទាំងឡាយណាដែលតែងកើតមានរន្ទះ ហើយនៅឆ្នាំនេះ គ.ជ.គ.ម គ្រោងនឹងស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយពិនិត្យលទ្ធភាពទប់ទល់នឹងបាតុភូតនេះ។
គ.ជ.គ.ម បានឱ្យដឹងថា ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយនៅរដូវវស្សាឆ្នាំនេះ គណៈកម្មាធិការ បានត្រៀមកម្លាំងអន្តរាគមន៍ជិត ២,០០០ នាក់ នៅទូទាំងប្រទេស ដោយក្នុងនោះមានបំពាក់ឧបករណ៍សង្គ្រោះបន្ទាន់ យានជំនិះ និងស្បៀងអាហារផងដែរ៕