យោងតាមប្រភពព័ត៌មានពី ហ្សាការតា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានឱ្យដឹងថា ក្រុមហ៊ុនអន្តរជាតិចំនួនពីរគឺ Foxconn និង Fosun បានសម្ដែងការចាប់អារម្មណ៍ចំពោះការវិនិយោគទៅលើគម្រោងរដ្ឋធានីថ្មី (IKN) Nusantara នៅក្នុងខេត្ត Kalimantan ខាងកើត បន្ទាប់ពីក្រុមហ៊ុន SoftBank របស់ ជប៉ុន ដកខ្លួនថយកាលពីខែមីនា។
រដ្ឋមន្ត្រីក្រសួងវិនិយោគ Bahlil Lahadalia ថ្លែងថា ក្រុមហ៊ុន Foxconn និង Fosun កំពុងស្វែងយល់អំពីលទ្ធភាពវិនិយោគទៅលើ IKN ក្នុងនោះ Foxconn ពិនិត្យមើលលើការផ្គត់ផ្គង់ថ្នាលបច្ចេកវិទ្យាទីក្រុងឆ្លាតវៃទៅឱ្យ Nusantara។ លោក Bahlil បន្ថែមថា អេមីរ៉ាតអារ៉ាប់រួម (UAE) នៅតែអះអាងថា រក្សាការសន្យាក្នុងការវិនិយោគយ៉ាងតិច ២០ ពាន់លានដុល្លារទៅក្នុងគម្រោងនេះ។
រដ្ឋាភិបាលរបស់លោក Jokowi បានប្រកាសគម្រោងរើរដ្ឋធានីទៅកាន់ខេត្ត Kalimantan ខាងកើត ដែលស្ថិតនៅលើកោះ Borneo ក្រោយពីបានជាប់ឆ្នោតកាលពីឆ្នាំ ២០១៩។ ដើមឆ្នាំនេះ សភាជាន់ទាបបានអនុម័តច្បាប់ស្ដីពី IKN ហើយរដ្ឋាភិបាលក៏បានដាក់ដេញថ្លៃសម្រាប់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងតំបន់នេះ។
គម្រោងនេះ ដំបូងឡើយបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគអន្តរជាតិ ក្នុងនោះមាន Softbank និង UAE ផងដែរ។ ស្ថាបនិករបស់ Softbank លោក Masayoshi Son ត្រូវបានបោះឆ្នោតឱ្យធ្វើជាសមាជិកគណៈកម្មាធិការតាមដានគម្រោង IKN រួមជាមួយនឹងព្រះអង្គម្ចាស់ Abu Dhabi Mohammed Bin Zayed AI Nahyan និង អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair។ ប៉ុន្តែ កាលពីខែមីនា ក្រុមហ៊ុន Softbank បានប្រកាសដកខ្លួនចេញពីគម្រោងនេះ។
Fosun International គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ ប្រទេសចិន ដោយមានចំណូលសរុប ២៥ ពាន់លានដុល្លារ និងទ្រព្យសរុប ១២៦ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២១។ តំណាងរបស់ Fosun បានទៅកាន់ ឥណ្ឌូណេស៊ី កាលពីថ្ងៃទី៤ កក្កដា និងត្រូវបានទទួលស្វាគមន៍ដោយ ប្រធានាធិបតី Jokowi កាលពីថ្ងៃទី ៥ កក្កដា។ ចំណែក Foxconn ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយ មានចំណូលសរុប ២០១ ពាន់លានដុល្លារ និងចំណេញ ៤ ពាន់លានដុល្លារកាលពីឆ្នាំ ២០២១។
យោងតាមលោក Bahlil ក្រុមហ៊ុន Foxconn ចង់វិនិយោគទៅលើគម្រោង IKN។ ក្រៅពីគម្រោង IKN ក្រុមហ៊ុន Foxconn ថ្មីៗនេះក៏បានបង្ហាញអំពីបំណងវិនិយោគទៅលើវិស័យបច្ចេកវិទ្យារថយន្តអគ្គិសនី និងព័ត៌មានវិទ្យា (ITC) របស់ ឥណ្ឌូណេស៊ី ដោយមានទឹកប្រាក់សរុប ៨ ពាន់លានដុល្លារអាម៉េរិក។
លោក Bahlil ឱ្យដឹងថា Foxconn នឹងចាប់ផ្ដើមការវិនិយោគទៅលើគម្រោងខាងលើនៅក្នុងត្រីមាសទី៣ ឬទី៤ ឆ្នាំនេះ ដោយការសាងសង់បណ្ដារោងចក្រនៅក្នុងតំបន់ឧស្សាហកម្ម Batang។
ចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនវិនិយោគធំៗទៅលើ IKN កើតមានឡើងក្នុងគ្រាដែលកំពុងមានការសង្ស័យអំពីលទ្ធភាពនៃវត្តមានរបស់គម្រោងនេះ នេះបើតាមលទ្ធផលនៃការស្ទង់មតិមួយកាលពីពេលថ្មីៗនេះរបស់ មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ និងអន្តរជាតិ CSIS៕