នាព្រឹកថ្ងៃទី ១៣ កក្កដានេះ នៅលើទំព័របណ្ដាញសង្គមផ្លូវការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសជូនដំណឹងស្ដីពីការណែនាំឱ្យក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ចូលមកចុះបញ្ជី ឬសុំបន្តសុពលភាពឱ្យបានរួសរាន់។
នៅក្នុងសេចក្ដីជូនដំណឹងដែលចុះថ្ងៃទី ១១ កក្កដា ក្រសួងបានសរសេរថា ៖
១- ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណាដែលពុំទាន់បានចុះបញ្ជី ធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ត្រូវរួសរាន់មកបំពេញបែបបទស្នើសុំចុះបញ្ជី និងសុំអនុញ្ញាតធ្វើអាជីវកម្ម ស្របទៅតាមច្បាប់ជាធរមាន។
២- ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណាដែលមានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរដែលផុតសុពលភាព ត្រូវរួសរាន់មកបំពេញបែបបទស្នើសុំការអនុញ្ញាតបន្តសុពលភាពធ្វើអាជីវកម្មដឹកអ្នកដំណើរឱ្យស្របទៅតាមច្បាប់ជាធរមាន។