Skip to content

ក្រសួង​ទេសចរ​ណ៏​បង់​ក្លា​ដែ​ស និង​កម្ពុជា​ត្រៀម​ចុះ MOU ទាក់ទាញ​ភ្ញៀវទេសចរ

ភ្នំពេញ៖ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បង់​ក្លា​ដែ​សនឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃទី16 ខែតុលា ឆ្នាំ2017ខាងមុខនេះ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្នុងនោះ​មានការ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ផ្ដោតលើ​ការជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​ផងដែរ ខណៈដែល​ប្រទេស​នៅក្នុង​អាស៊ី​មួយ​នេះ​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​តំបន់​ទេសចរណ៍​កម្ពុជា ពិសេស ប្រាសាទអង្គរវត្ត​តែម្ដង។

លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានឱ្យដឹង​នៅក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​លោកស្រី សៃ​ដា មូ​ណា​តា​ស្នី​ម ឯកអគ្គរដ្ឋទូត​បង់​ក្លា​ដែ​ស​ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​រាជធានី​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី29 ខែកញ្ញា​ឆ្នាំ207 នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍។

លោក ទិ​ត ចន្ថា បានឱ្យដឹងថា ក្នុងជំនួប​ពិភាក្សា​នា​ព្រឹក​ថ្ងៃ​សុក្រ ម្សិលមិញ​នេះ លោកស្រី សៃ​ដា មូ​ណា​តា​ស្នី​ម បាន​ជម្រាប​ប្រាប់​លោក​រដ្ឋមន្ត្រី ថោង ខុន ថា នាពេលខាងមុខឆាប់ៗនេះ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​របស់លោក​ស្រី​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន​ជាមួយ​កម្ពុជា ពិសេស​គឺ​វិស័យ​ទេសចរណ៍។

លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​លើកសរសើរ​មិន​ដាច់​ពី​មាត់​ថា ដោយសារ​ប្រទេស​កម្ពុជា​រក្សាបាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ពិសេស​គឺ​វិស័យ​ទេសចរណ៍​នេះ​តែម្ដង ទើប​ប្រជាជន​បង់​ក្លា​ដែ​ស និង​ភ្ញៀវទេសចរ​ប្រទេស​ទី​បី​ដែល​កំពុង​ទស្សនា​នៅ​បង់​ក្លា​ដែ​ស​ទាំងនោះ​ចង់​មក​ទស្សនា​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ពិសេស​ប្រជាជន​របស់លោក​ស្រី​បាននិងកំពុង​ចាប់អារម្មណ៍​ខ្លាំង​លើ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយសារ​អាជ្ញាធរ​កម្ពុ​ជាមាន​ការគ្រប់គ្រង​តំបន់​ទេសចរណ៍​នៅ​តំបន់​អង្គរ​បាន​យ៉ាង​ល្អប្រសើរ។ ប្រជាជន​បង់​ក្លា​ដែ​សមាន​ចំនួន​រហូតដល់​ជាង200លាន​នាក់​ឯណោះ ដែល​នេះ​ជា​សក្ដានុពល វិជ្ជមាន​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ហើយ​លោកស្រី​ឯកអគ្គរដ្ឋទូត​ក៏​ចង់ឱ្យ​ភ្ញៀវទេសចរ​កម្ពុជា​ទៅ​ទស្សនា​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​ផងដែរ។

លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា ភាគី​ទាំង​ពីរបាន​ពិភាក្សា គ្នា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​បញ្ជូន​ភ្ញៀវទេសចរ​ប្រទេស​ទាំងពីរ និង​ភ្ញៀវទេសចរ​ប្រទេស​ទី​បី ឱ្យ​ទៅមក​ទស្សនា​គ្នា​ទៅវិញទៅមក ធ្វើយ៉ាងណា​ជំរុញ​ការងារ​ទំនាក់ទំនង​នេះ​ឱ្យ​កាន់​ល្អប្រសើរ និង​ជិតស្និទ្ធ​ថែមទៀត ពីព្រោះ​កម្ពុជា-បង់​ក្លា​ដែ​ស​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយគ្នា​ជា​យូរ​មកហើយ ហើយ​ក៏មាន​ស្ថានភាព​សង្គម ទំនាក់ទំនង​សាសនា វប្បធម៌ និង​អរិយធម៌ ប្រហាក់ប្រហែលគ្នា​ផងដែរ។

លោក ចន្ថា បាន​បន្ថែមទៀតថា ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​បង់​ក្លា​ដែ​ស នាពេលខាងមុខ លោកស្រី សៃ​ដា ចង់ឱ្យមាន​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ (MoU) រវាង​ក្រសួងទេសចរណ៍​កម្ពុជា និង​ក្រសួងទេសចរណ៍​បង់​ក្លា​ដែ​ស។ ចំណែក​លោក​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ជម្រាប​ពី​ការចាប់អារម្មណ៍ និង​ឆ្លើយតប​នូវ​ការស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​នេះ​យ៉ាង​ពេញចិត្ត។

លោក ថោង ខុន បាន​ជម្រាប​ទៅ​លោកស្រី សៃ​ដា ថា កម្ពុជា​ពិតជា​ចង់​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយ​បង់​ក្លា​ដែ​ស ដូច​ទៅនឹង​បំណងប្រាថ្នា​របស់​ប្រទេស​បង់​ក្លា​ដែ​ស​ផងដែរ ពីព្រោះ​ផលប្រយោជន៍​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​នេះ​នឹងចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន​មួយកម្រិត​ទៀត។ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ទៅ​លោកស្រី សៃ​ដា មូ​ណា​តា​ស្នី​ម នូវ​គោលបំណង​ពិ​សេសមួយ​ទាក់ទង​នឹង​ការតភ្ជាប់​ជើងហោះហើរ​ត្រង់ កម្ពុជា-បង់​ក្លា​ដែ​ស-កម្ពុជា ពីព្រោះ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​នេះហើយ គឺជា​កត្តា​ចម្បង​ដ៏​សំខាន់បំផុត​សម្រាប់​ជំរុញ​ចលនា​ទេសចរណ៍​ពីគ្នា​ទៅវិញទៅមក។

ទោះយ៉ាងណា ភាគី​បង់​ក្លា​ដែ​ស​មិនទាន់​អាច​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់ នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​របស់ខ្លួន​នៅឡើយ​ទេ ប៉ុន្តែ​បើតាម​លោកស្រី​ឯកអគ្គរដ្ឋទូត​គឺ ខណៈ​នេះ​បង់​ក្លា​ដែ​ស​កំពុង​រៀបចំ​កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ជាបណ្ដើរៗហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *