ប្រជាពលរដ្ឋសរុបចំនួន ៣៩ គ្រួសារ ដែលមានប្រជាជនសរុបចំនួន ២៣៩ នាក់ ក្នុងភូមិក្រាំងអាត់ (ចំណុចក្រាំងអាត់ចាស់) ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កំពុងរងគ្រោះដោយសារទឹកជំនន់។
ស្ថានភាពកម្ពស់ទឹកជំនន់នៅស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥ និង ១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ជំនន់ទឹកភ្លៀងមានកម្ពស់ ៥.២០ ម៉ែត្រពីបាតស្ទឹង ខណៈដែល ភ្លៀងនៅតែបន្តធ្លាក់ នេះបើតាម លោក សៅ បុរីវឌ្ឍន: អភិបាលស្រុកកំពង់សីលា ដែលបានប្រាប់សារព័ត៌មានក្នុងស្រុក។ កម្ពស់ទឹកដែលត្រូវប្រកាសអាសន្នមានកម្ពស់ ៥,៦០ម៉ែត្រ ទៅ ៥,៧០ម៉ែត្រ។
ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ បញ្ហាជំនន់ទឹកភ្លៀងក៏បានកើតឡើង ធ្វើឱ្យផ្លូវលំ និងភូមិឋានរបស់ប្រជាពលរដ្ឋមួយចំនួនត្រូវរងការលិចលង់។ កម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលា កំពុងធ្វើការតាមដានដោយយកចិត្តទុកដាក់។ កម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលា សហការជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៃ ស្រុកកំពង់សីលា កំពុងចុះពិនិត្យតាមដាននៅទីតាំងរងគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេល។
ចំណុចស្ពានស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នារសៀលថ្ងៃនេះ ត្រូវបានបិទជាបណ្តោះអាសន្ន ដោយហាមការធ្វើចរាចរណ៍ឆ្លងកាត់របស់ឡានធុនធំ (ឡានកុងតឺន័រ) ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈ៕