បណ្ដាញសង្គម Twitter បានស្នើឱ្យមហាសេដ្ឋី Elon Musk និងភាគីដែលពាក់ព័ន្ធ គោរពតាមកិច្ចព្រមព្រៀង ក្នុងនោះមានកាតព្វកិច្ចប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចបានការទិញដូរទៅតាមការសន្យា។
កាលពីថ្ងៃទី ១១ កក្កដា បណ្ដាញសង្គម Twitter បានអះអាងថា ខ្លួនមិនបានរំលោភលើកាតព្វកិច្ចណាមួយនៅក្នុងកិច្ចព្រមព្រៀងជាមួយលោក Elon Musk ស្ដីពីការទិញដូរបណ្ដាញសង្គមនេះ និងបានស្នើឱ្យម្ចាស់ Tesla បង្ហើយកិច្ចព្រមព្រៀងនេះផងដែរ។
មុននោះ កាលពីថ្ងៃទី ៨ កក្កដា លោក Elon Musk បានប្រកាសលុបចោលកិច្ចព្រមព្រៀងទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ដោយបានចោទភាគីបណ្ដាញសង្គមថា បានរំលោភលើកិច្ចព្រមព្រៀង។
ក៏ប៉ុន្តែ នៅក្នុងលិខិតចុះថ្ងៃទី ១០ កក្កដា ដែលបានផ្ញើទៅកាន់លោក Elon Musk ភាគីខាង Twitter បានបញ្ជាក់ថា ក្រុមហ៊ុនមិនបានបំពានលក្ខខណ្ឌណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះឡើយ។ ជាងនេះ Twitter ថែមទាំងបានចោទថា លោក Musk មានបំណងរំលោភលើកិច្ចព្រមព្រៀង។
បណ្ដាញសង្គម Twitter បានស្នើឱ្យមហាសេដ្ឋី Elon Musk និងភាគីដែលពាក់ព័ន្ធ គោរពកិច្ចព្រមព្រៀង ក្នុងនោះមានកាតព្វកិច្ចប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចបានការទិញដូរទៅតាមការសន្យា។ Twitter អះអាងថា កិច្ចព្រមព្រៀងនៅតែមានសុពលភាព ហើយក្រុមហ៊ុននៅតែបន្តអនុវត្តតាមជំហានៗដើម្បីបង្ហើយការទិញដូរនេះ។
Twitter មានគម្រោងដាក់ពាក្យប្ដឹង បង្ខំឱ្យលោក Musk បង្ហើយកិច្ចការទិញដូរទៅតាមកិច្ចព្រមព្រៀង។ ប្រភពព័ត៌មានមួយបានបញ្ជាក់ថា Twitter មានបំណងដាក់ពាក្យបណ្ដឹងឡើងទៅកាន់តុលាការមួយនៅ Delaware នៅដើមសប្ដាហ៍នេះ។
លោក Musk ព្រមានថា ការប្ដឹងផ្ដល់នឹងនាំឱ្យ Twitter ត្រូវបញ្ចេញព័ត៌មានសម្ងាត់ស្ដីពីគណនីក្លែងក្លាយ និងគណនីសំរាមនៅក្នុងបណ្ដាញសង្គម Twitter ជាសាធារណៈ ទៅតាមសំណើរបស់លោក។
កាលពីម្សិលមិញ ភាគហ៊ុន Twitter បានធ្លាក់ថ្លៃ ១១.៣% មកនៅត្រឹម ៣២.៦៥ ដុល្លារ/ហ៊ុន ថយចុះ ៤០% ធៀបនឹងតម្លៃដែលបានកំណត់នៅក្នុងពេលលោក Musk យល់ព្រមទិញបណ្ដាញសង្គមនេះ។ ប៉ុន្តែ ក្នុងការជួញដូរក្រៅម៉ោងធ្វើការ ភាគហ៊ុន Twitter បានងើបឡើងជិត ១%។ ដោយឡែក ភាគហ៊ុន Tesla របស់លោក Musk ក៏បានដាំក្បាលចុះ ៧%៕