ក្នុងការប្រឹងប្រែងដើម្បីប៉ះប៉ូវមួយផ្នែកនៃការចំណាយប្រចាំថ្ងៃដែលកំពុងតែកើនឡើង រដ្ឋាភិបាលឡាវ បានសម្រេចចិត្តដំឡើងប្រាក់ខែអប្បបរមាដល់កម្មករនិយោជិតដែលកំពុងធ្វើការក្នុងវិស័យឯកជន។
កាលពីចុងសប្ដាហ៍កន្លង ក្រសួងការងារ និងសង្គមកិច្ចឡាវ បានឱ្យដឹងថា ការដំឡើងប្រាក់ខែនឹងត្រូវបានធ្វើឡើងជាពីរដំណាក់កាល ក្នុងនោះ ដំណាក់កាលទីមួយ ប្រាក់ខែអប្បបរមានឹងត្រូវបានដំឡើងពី ១.១ លានគីប/ខែ ឡើងដល់ ១.២ លានគីប/ខែ (ប្រហែលពី ៧៣ ទៅ ៨០ ដុល្លារ/ខែ) ចាប់ពីថ្ងៃទី ១ សីហា ២០២២ ខណៈដែលដំណាក់កាលទីពីរ នឹងដំឡើងពី ១.២ លានគីប/ខែ ឡើងដល់ ១.៣ លានគីប/ខែ (៨០ ទៅ ៨៦ ដុល្លារ/ខែ) ចាប់ពីថ្ងៃទី ១ ឧសភា ២០២៣។
ការដំឡើងប្រាក់ខែអប្បបរមានេះត្រូវបានការិយាល័យរដ្ឋាភិបាលឡាវ ប្រកាសតាំងពីថ្ងៃទី ១៣ មិថុនា និងអនុវត្តចំពោះបណ្ដារោងចក្រវាយនភ័ណ្ឌ និងរោងចក្រឯកជននានានៅប្រទេសនេះ។ ការមិនគោរពតាមសេចក្ដីសម្រេចនេះ និយោជកនឹងត្រូវប្រឈមនឹងការប្ដឹងឡើងតុលាការទៅតាមច្បាប់។
មន្ត្រីជាន់ខ្ពស់មួយរូបរបស់ ក្រសួងការងារឡាវ បានឱ្យដឹងថា ការដំឡើងប្រាក់ខែនេះគឺជារឿងចាំបាច់នៅក្នុងស្ថានភាពដែលការចំណាយប្រចាំថ្ងៃនៅ ប្រទេសឡាវ បាន និងកំពុងកើនឡើងខ្ពស់។
យោងតាម Vientiane Times រដ្ឋាភិបាលឡាវ បានដំឡើងប្រាក់ខែអប្បបរមាដំបូងកាលពីឆ្នាំ ១៩៩១។ ក្នុងឆ្នាំ ២០២១ ប្រាក់ខែអប្បបរមាត្រូវបានដំឡើងពី ៣៤៨,០០០ គីប/ខែ ឡើងដល់ ៦២៦,០០០ គីប/ខែ។ ឆ្នាំ ២០១៥ ប្រាក់ខែអប្បបរមាបានឡើងដល់ ៩០០,០០០ គីប/ខែ ហើយឆ្នាំ ២០២០ បានឡើងដល់ ១.១ លានគីប/ខែ៕