គំនិតស្ដីពីការកំណត់តម្លៃប្រេងរបស់ រុស្ស៊ី ត្រូវបានលើកឡើងដំបូងនៅក្នុងសន្និបាតកំពូលនាពេលថ្មីៗនេះរបស់ក្រុមប្រទេសឧស្សាហកម្មជឿនលឿនលំដាប់កំពូលពិភពលោក (G7) ដើម្បីដាក់សម្ពាធឱ្យតម្លៃប្រេងពិភពលោកធ្លាក់ចុះ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន Shunichi Suzuki និង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក Janet Yellen នឹងមានជំនួបពិភាក្សាក្នុងថ្ងៃទី ១២ កក្កដា នៅ រាជធានីតូក្យូ។ កិច្ចពិភាក្សានេះនឹងផ្ដោតទៅលើការកំណត់តម្លៃពិតានរបស់ប្រេងដែលនាំចូលពី ប្រទេសរុស្ស៊ី។
យោងតាម ក្រសួងហិរញ្ញវត្ថុអាម៉េរិក ក្រៅពីបញ្ហាខាងលើ រដ្ឋមន្ត្រីរបស់ ជប៉ុន និង សហរដ្ឋអាម៉េរិក ក៏នឹងពិភាក្សាគ្នាអំពីយន្តការនៃការទប់ទល់នឹងកំណើននៃថ្លៃថាមពល និងស្បៀងអាហារដែលកើតឡើងដោយសារសង្គ្រាមនៅ អ៊ុយក្រែន ផងដែរ។
ទន្ទឹមនឹងនេះ នៅក្នុងកិច្ចប្រជុំនាចុងថ្ងៃទី ១២ កក្កដា រដ្ឋមន្ត្រី Yellen និងក្រុមមេដឹកនាំក្រុមហ៊ុនជប៉ុន ក៏គ្រោងនឹងពិភាក្សាអំពីវិធីសាស្ត្របង្កើនសមត្ថភាពស្ដារបណ្ដាញផ្គត់ផ្គង់ និងដោះស្រាយបញ្ហាទាំងឡាយដែលកំពុងធ្វើឱ្យទំនិញឡើងថ្លៃ។
គំនិតស្ដីពីការកំណត់តម្លៃប្រេងរបស់ រុស្ស៊ី ត្រូវបានលើកឡើងនៅក្នុងសន្និបាតកំពូលនាពេលថ្មីៗនេះរបស់ក្រុមប្រទេសឧស្សាហកម្មជឿនលឿនលំដាប់កំពូលពិភពលោក (G7)។ ក្រុមប្រទេស G7 សង្ឃឹមថា វិធានការនេះអាចជំរុញឱ្យតម្លៃថាមពលទូទាំងពិភពលោកធ្លាក់ចុះ។
ក្រុមប្រទេស G7 ដែលរួមមាន ចក្រភពអង់គ្លេស, កាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន និង សហរដ្ឋអាម៉េរិក រួមនឹង សហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀត បានដាក់ទណ្ឌកម្មលើ រុស្ស៊ី បន្ទាប់ពីប្រទេសនេះចូលឈ្លានពាន «អ្នកជិតខាង»។
ក្រុមប្រទេសខាងលើ មានគម្រោងធ្វើការចរចាជាមួយបណ្ដាក្រុមហ៊ុនធំៗដែលនាំចូលប្រេងពី រុស្ស៊ី មានដូចជា ក្រុមហ៊ុននៅ ឥណ្ឌា ជាដើម នៅសប្ដាហ៍ក្រោយៗ ដើម្បីបង្កើតយន្តការកំណត់តម្លៃប្រេងរបស់ រុស្ស៊ី ឱ្យមានប្រសិទ្ធភាពខ្ពស់៕