ការដាក់ឱ្យអនុវត្តប្រាក់សោធននិវត្តន៍ចំពោះវិស័យឯកជននេះ នឹងអនុញ្ញាតឱ្យកម្មករ កម្មការិនីរោងចក្រ និយោជិតសហគ្រាសទាំងអស់ នៃវិស័យឯកជនទទួលបានរបបសន្តិសុខសម្គងផ្នែកសោធននិវត្តន៍ ដូចទៅនឹងមន្ត្រីរាជការនៅពេលចូលនិវត្តន៍។
របបសន្តិសុខសម្គងផ្នែកសោធននិវត្តន៍នេះនឹងអនុវត្តចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជនដែលស្ថិតក្រោមបទបញ្ញតិនៃច្បាប់ស្ដីពីការងារ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការដាក់ឱ្យអនុវត្តប្រាក់សោធននិវត្តន៍ចំពោះវិស័យឯកជន ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា របបសន្តិសុខសង្គមផ្នែកសោធននិវត្តន៍នេះជាបញ្ហាធំសំខាន់ជាងគេសម្រាប់និយោជិត និងនិយោជក ដោយត្រូវទទួលបានអត្ថប្រយោជន៍។
យោងតាមប្រកាសរបស់ ក្រសួងការងារ របបសន្តិសុខសង្គមផ្នែកសោធននិវត្តន៍នេះនឹងត្រូវអនុវត្តជំហានដំបូងរយៈពេល ៥ ឆ្នាំ ដោយនិយោជក និងនយោជិត ត្រូវបង់ថវិកា ២% ស្មើគ្នា ហើយក្រោយពីបានព្រមព្រៀងគ្នា និយោជក និងនិយោជិត នឹងទទួលបានអត្ថប្រយោជន៍រៀងៗខ្លួន ក្នុងនោះ និយោជកនឹងទទួលបានការលើកទឹកចិត្តពីនិយោជិតតាមរយៈការខិតខំប្រឹងប្រែងធ្វើការដោយពេញចិត្ត ចំណែកនិយោជិតវិញនឹងទទួលបានប្រាក់សោធននិវត្តន៍នៅពេលដល់អាយុត្រូវចូលនិវត្តន៍ រហូតដល់អស់មួយជីវិត៕