ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី ៦ កក្កដាកន្លងទៅ បានឱ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចសកលបានធ្លាក់ទៅក្នុងភាពងងឹតចាប់តាំងពីក្រោយការព្យាករកាលពីខែមេសា ២០២២ និងបានព្យាករថាលទ្ធភាពនៃការកើតមានវិបត្តិសេដ្ឋកិច្ចសកលនឹងកើតឡើងនៅឆ្នាំ ២០២៣ ដោយសារតែហានិភ័យកើនឡើង។
យោងតាម Reuters លោកស្រី Kristalina Geeorgieva ប្រធានមូលនិធិ IMF បានឱ្យដឹងថា មូលនិធិនេះបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសកលជាលើកទីបីក្នុងឆ្នាំនេះ ចុះមកនៅត្រឹម ៣.៦% ហើយ IMF នឹងបន្តលើកឡើងនូវការព្យាករថ្មី។
តាមគម្រោង នៅចុងខែកក្កដានេះ IMF នឹងប្រកាសបង្ហាញការព្យាករថ្មីបំផុតស្ដីពីកំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ ២០២២ និងឆ្នាំ ២០២៣ បន្ទាប់ពីបានទម្លាក់ការព្យាករជិត ១ ពិន្ទុះកាលពីខែមេសា ២០២២។ ឆ្នាំ ២០២១ កំណើនសេដ្ឋកិច្ចសកល កើន ៦.១%។
ទិន្នន័យសេដ្ឋកិច្ចនាថ្មីៗនេះបានបង្ហាញថា កំណើនសេដ្ឋកិច្ចនៃបណ្ដាប្រទេសដែលមានសេដ្ឋកិច្ច «ខ្នាតយក្ស» ក្នុងនោះរួមមានទាំង ចិន និង រុស្ស៊ី ផងដែរ បានថយចុះនៅក្នុងត្រីមាសទីពីរ ឆ្នាំ ២០២២។ លោកស្រីប្រធាន IMF បានបញ្ជាក់ថា ឆ្នាំ ២០២២ ពិតជាមានការលំបាក ប៉ុន្តែ ឆ្នាំ ២០២៣ នឹងមានការលំបាកជាងនេះ៕