រយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និង ថៃ សម្រេចបានទឹកប្រាក់សរុបចំនួនប្រមាណ ៣.៨៤ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៤.៥% បើធៀបនឹង ៥ ខែដើមឆ្នាំ ២០២១។
ក្នុងខែឧសភា ទំហំពាណិជ្ជកម្មរវាង ប្រទេសកម្ពុជា និង ប្រទេសថៃ សម្រេចបានទឹកប្រាក់សរុបចំនួន ៩២៣.២ លានដុល្លារ កើនឡើងជាង ២៤% បើធៀបនឹងខែមេសា ក្នុងនោះការនាំចេញពី កម្ពុជា ទៅ ថៃ សម្រេចបាន ៨៩.៨ លានដុល្លារ ធ្លាក់ចុះ ១.១៤% ធៀបនឹងខែមុន។ ចំណែកការនាំចូលពី ប្រទេសថៃ វិញ មានតម្លៃ ៨៣៣.៤ លានដុល្លារ ធ្លាក់ចុះ ២៨.១% ធៀបនឹងខែមុន។
បណ្ដាមុខទំនិញដែល កម្ពុជា បាននាំចេញទៅកាន់ ប្រទេសថៃ មានដូចជា ផលិតផលកសិកម្ម វត្ថុធាតុដើម ត្បូងថ្មមានតម្លៃ និងវាយនភណ្ឌ។ ចំណែកទំនិញដែល កម្ពុជា បាននាំចូលពី ប្រទេសថៃ មានដូចជា ត្រី សាច់ ម្ហូបអាហារ និងភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់ត៍ គ្រឿងសំអាង គ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងបរិក្ខាសំណង់។ល។ នេះបើតាម របាយការណ៍ការងាររបស់ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ។