ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ទើបតែបានដាក់សំណើទៅកាន់នាយករដ្ឋមន្ត្រី ស្ដីពីការផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីបញ្ហាប្រេងសាំងឡើងថ្លៃ ក្នុងនោះក៏មានគោលដៅជាប្រជានេសាទផងដែរ។
យោងតាម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ប្រជានេសាទបាន និងកំពុងរងឥទ្ធិពលធ្ងន់ធ្ងរដោយសារប្រេងសាំងឡើងថ្លៃខ្ពស់ និងត្រូវកាត់បន្ថយសកម្មភាពនេសាទ និងការចំណាយប្រចាំថ្ងៃ។
ដោយមូលហេតុខាងលើ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្នើសុំនាយករដ្ឋមន្ត្រី ណែនាំឱ្យ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ដឹកនាំ សហការជាមួយ ក្រសួងហិរញ្ញវត្ថុ រួមនឹងបណ្ដាក្រសួងដែលពាក់ព័ន្ធ ក៏ដូចជាតំបន់ដែលមានសកម្មភាពនេសាទ ដើម្បីចាត់ចែងថវិកា ជួយសម្រួលតម្លៃប្រេងសាំងដល់ប្រជានេសាទ នេះបើតាមសារព័ត៌មានវៀតណាម VOV។
ការឧបត្ថម្ភប្រាក់សម្រាប់ថ្លៃប្រេងសាំងខាងលើនឹងជួយឱ្យប្រជានេសាទមានលទ្ធភាពចេញទៅនេសាទនៅលើផ្ទៃសមុទ្រដូចធម្មតា។ គិតមកដល់បច្ចុប្បន្ន កប៉ាល់ និងទូកនេសាទប្រមាណពី ៤០ ទៅ ៥០% បានផ្អាកសកម្មភាព ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រាក់ចំណូល និងជីវភាពរស់នៅរបស់សហគមន៍នេសាទ។ បញ្ហានេះក៏បានជះឥទ្ធិពលដល់ប្រភពផ្គត់ផ្គង់ជលផលក្នុងប្រទេស និងការនាំចេញផងដែរ៕