ក្រុមហ៊ុន​របស់​មហាសេដ្ឋី Elon Musk ទទួលយក​ការទូទាត់​ដោយ​ប្រាក់​គ្រីប​តូ Dogecoin

The Boring Company បានឱ្យដឹងថា អតិថិជន​អាច​ទូទាត់​ប្រាក់​ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល​គ្រីប​តូ Dogecoin នៅពេល​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី Loop នៅ Las Vegas សហរដ្ឋ​អាម៉េរិក។

បច្ចុប្បន្ន ប្រព័ន្ធ Loop មិន​គិតថ្លៃ​សេវា​ចំពោះ​អតិថិជន និង​មិនទាន់​ត្រូវបាន​ប្រកាស​អំពី​ពេលវេលា​ដែល​ត្រូវ​គិតថ្លៃ។ ប៉ុន្តែ ក្រុមហ៊ុន The Boring Company គ្រោង​នឹង​លក់​សំបុត្រ ១.៥ ដុល្លារ សម្រាប់​ការ​ជិះ​មួយ​លើក ឬ ២.៥ ដុល្លារ សម្រាប់​មួយថ្ងៃ។

អតិថិជន​អាច​ស្គែ​ន​កូដ QR នៅលើ​ជញ្ជាំង​ក្នុង​ស្ថានីយ Resorts World ដើម្បី​ទិញ​សំបុត្រ។ អតិថិជន​អាច​ទូទាត់​ដោយ​ប្រើប្រាស់​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក, កាត់​ឥណទាន និង​ប្រាក់​ឌីជីថល​គ្រីប​តូ Dogecoin។

ប្រព័ន្ធផ្លូវក្រោមដី Loop

គម្រោង​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​នេះ​ត្រូវបាន Elon Musk ប្រកាស​ជា​លើកដំបូង​កាលពី​ចុងឆ្នាំ ២០១៦។ លោក​បាន​ហៅ​គម្រោង​នេះ​ថា The Boring Company និង​បានឱ្យ​ជីក​កាយ​រូង​ក្រោម​ដី​នៅ​ខាងក្រៅ​ទីស្នាក់ការ​របស់ SpaceX នៅ California។

រថយន្ត​អគ្គិសនី Tesla ដែល​បើកបរ​នៅក្នុង​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​ខាងលើ បច្ចុប្បន្ន​មាន​ល្បឿន​ប្រហែល ៥៦ គីឡូម៉ែត្រ/ម៉ោង។ ប្រព័ន្ធ​នេះ​មិនមាន​កាលបរិច្ឆេទ​នៃ​ការចេញដំណើរ​ជាក់លាក់​ដូច​រថយន្តក្រុង ឬ​រថភ្លើង​ក្រោម​ដី ប៉ុន្តែ ភ្ញៀវ​ត្រូវ​រង់ចាំតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​នឹងមាន​ជើង​អាច​ចេញដំណើរ​បាន។

Loop មាន​ស្ថានីយ​ចំនួន ៤ នៅ Las Vegas និង​គ្រោង​សាងសង់ ៥០ កន្លែង​បន្ថែមទៀត​នៅទីនេះ។ Boring Company ក៏​កំពុង​អនុវត្ត​គម្រោង​នានា​នៅ Florida និង Texas ផងដែរ។

ប្រាក់ឌីជីថលគ្រីបតូ Dogecoin

និយាយ​អំពី Dogecoin វិញ៖ វា​គឺជា​ល្បែង​លេងសើច​មួយ​នៅលើ​អ៊ី​ន​ធើ​ណិ​ត​កាលពី​ឆ្នាំ ២០១៣។ ប្រាក់​ឌីជីថល​គ្រីប​តូ​នេះ រង​ការរិះគន់​ជាច្រើន។ សូម្បីតែ​សហ​ស្ថាបនិក Jackson Palmer ក៏បាន​ប្រកាស​ចាកចេញ​ពី Dogecoin ដោយ​មិន​វិល​ត្រលប់។

Dogecoin ល្បីឈ្មោះ​នៅពេល​ត្រូវបាន Elon Musk លើក​យកមក​និយាយ​ជា​ញឹកញាប់​នាពេលថ្មីៗនេះ។ ១  Dogecoin បច្ចុប្បន្ន​មានតម្លៃ​ប្រហែល ៧ សេន​ដុល្លារ ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង ៦៨ សេន កាលពី​ឆ្នាំ​កន្លង។ ប្រាក់​នេះ​បាន​ឡើងថ្លៃ ៤,០០០% កាលពី​ឆ្នាំ ២០២១ ប៉ុន្តែ បាន​ធ្លាក់​ថ្លៃ ៧០% ក្នុង​រយៈពេល ១២ ខែ​កន្លង៕

Leave a Comment