ចិនដីគោក ធ្វើតេស្ត​យន្តហោះ​ទម្ងន់ «មហា​ស្រាល» ធ្វើ​អំពី​សរសៃ​កាបូន

យន្តហោះ ២ កៅអី ZA800 ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ZAir ត្រូវបាន​ផលិត​អំពី​សរសៃ​កាបូន អាច​ហោះហើរ​ក្នុង​ល្បឿន ២២២ គីឡូម៉ែត្រ/ម៉ោង និង​អាច​ហោះ​បាន​ចម្ងាយ ១,២០០ គីឡូម៉ែត្រ។

យន្តហោះ ZA800 ត្រូវបាន​សាកល្បង​ការហោះហើរ​ដំបូង​ដោយ​ជោគជ័យ​នៅឯ​ទីក្រុង Jingmen នៃ​ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃទី ៤ កក្កដា។

នេះ​គឺជា​យន្តហោះ​មួយ​ប្រភេទ​ក្នុងចំណោម​យន្តហោះ​ធុន​ស្រាល​ទំនើប​បំផុត​ក្នុង​ពិភពលោក។ វា​អាច​ហោះ​នៅពេល​យប់ ក្នុង​ល្បឿន ២២២ គីឡូម៉ែត្រ/ម៉ោង និង​អាច​ហោះ​បាន​ចម្ងាយ ១,២០០ គីឡូម៉ែត្រ។

យន្តហោះ ២ កៅអី ZA800 ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ZAir នេះ ត្រូវបាន​ផលិតឡើង​ដោយ​ធនធាន​ក្នុងស្រុក​ទាំងស្រុង។

Xu Qiang ប្រធាន​ផ្នែក​បច្ចេកវិទ្យា នៃ​ក្រុមហ៊ុន ZAir និយាយថា «កន្លងមក យន្តហោះ​ប្រភេទ​នេះ​ស្ទើរតែ​ទាំងអស់ ត្រូវបាន​ផលិត​អំពី​សមាសធាតុ​អា​លុយ​មី​ញូ​ម និង​មាន​ផ្នែក​ជាច្រើន ដូច្នេះ​តម្លៃ​ក៏​ថ្លៃ ហើយ​សមាសធាតុ​អា​លុយ​មី​ញូ​ម​ក៏​មិន​រឹងមាំ​ដូច​សរសៃ​កាបូន។ ដូច្នេះហើយ ការប្រើប្រាស់​សរសៃ​កាបូន​នៅក្នុង​យន្តហោះ គឺមាន​ប្រៀប​ជាង​ពីរ​ប្រការ៖ កាត់បន្ថយ​ទម្ងន់ និង​មាន​ប្រសិទ្ធភាព​ជាង»។

តាម​គម្រោង យន្តហោះ ZA800 នឹងត្រូវ​បាន​ផលិត​ចំនួន​ច្រើន​នៅក្នុង​ឆ្នាំនេះ និង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ការងារ​ហ្វឹកហាត់ ការធ្វើដំណើរ​លក្ខណៈ​ឯកជន សកម្មភាព​នាំ​ផ្លូវ និង​ក្នុង​វិស័យ​ជាច្រើន​ទៀត។

Leave a Comment