រាជរដ្ឋាភិបាល​ជប៉ុន ដំឡើង​ខ្ទង់​ប្រាក់​ជំនួយ​លើ​ថ្លៃ​ប្រេងសាំង​ក្នុងស្រុក

រាជរដ្ឋាភិបាល​ជប៉ុន ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ផ្ដល់ប្រាក់​ឧបត្ថម្ភ​លើ​តម្លៃ​ប្រេងសាំង ៣.៤ យ៉េន/លីត្រ ចាប់ពី​ថ្ងៃទី ២៧ មករា ប៉ុន្តែ ចាប់ពី​ថ្ងៃទី ៧ កក្កដា ខ្ទង់​ជំនួយ​នេះ​គ្រោង​នឹងត្រូវ​បាន​ដំឡើង​ដល់ ៤០.៨ យ៉េន/លីត្រ (ប្រហែល ១,២០០ រៀល)។

កាលពី​ថ្ងៃទី ៦ កក្កដា ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន (METI) បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី ៤ កក្កដា តម្លៃ​លក់រាយ​ប្រេងសាំង​ជា​មធ្យម​នៅ​ប្រទេស​នេះ បាន​ធ្លាក់ចុះ ១.៣ យ៉េន/លីត្រ ធៀប​នឹង ១ សប្ដាហ៍​មុន​នោះ មក​នៅត្រឹម ១៧៣.៦ យ៉េន/លីត្រ (ប្រហែល ៥,២០០ រៀល)។ នេះ​គឺជា​លើកដំបូង​ហើយ​នៅក្នុង​រយៈ ៥ សប្ដាហ៍ ដែល​តម្លៃ​លក់រាយ​ប្រេងសាំង​ជា​មធ្យម​នៅ​ប្រទេស​នេះ​បាន​ធ្លាក់​ថ្លៃ។

ក្នុងអំឡុងពេល​ពីថ្ងៃ​ទី ៣០ មិថុនា ដល់ ៦ កក្កដា រាជរដ្ឋាភិបាល​ជប៉ុន បាន​ឧបត្ថម្ភ ៣៨.៤ យ៉េន/លីត្រ ដល់​បណ្ដា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ប្រេងសាំង​ក្នុងប្រទេស ដើម្បី​ធ្វើឱ្យ​តម្លៃ​ប្រេងសាំង​ធ្លាក់​ថ្លៃ ៣៦.២ យ៉េន/លីត្រ។ រាជរដ្ឋាភិបាល​ជប៉ុន គ្រោង​នឹង​ដំឡើង​ខ្ទង់​ប្រាក់​ជំនួយ​សម្រាប់​ថ្លៃ​ប្រេងសាំង ឡើងដល់ ៤០.៨ យ៉េន/លីត្រ ចាប់ពី​ថ្ងៃទី ៧ កក្កដា។

រាជរដ្ឋាភិបាល​ជប៉ុន ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ផ្ដល់ប្រាក់​ឧបត្ថម្ភ​លើ​តម្លៃ​ប្រេងសាំង ៣.៤ យ៉េន/លីត្រ ចាប់ពី​ថ្ងៃទី ២៧ មករា ក្នុង​បំណង​ទប់​ទល់នឹង​ការឡើង​ថ្លៃ​ខ្ពស់​របស់​ទំនិញ​នេះ។ ដំបូង​ឡើយ រដ្ឋាភិបាល​ជប៉ុន ផ្ដល់​ខ្ទង់​ប្រាក់ឧបត្ថម្ភ​ត្រឹមតែ ៣.៤ យ៉េន/លីត្រ ដល់​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ប្រេងសាំង​ក្នុងស្រុក​ចំនួន ២៩ ស្ថាប័ន ហើយ​គ្រោង​នឹង​បញ្ចប់​កម្មវិធី​ឧបត្ថម្ភ​នេះ​ត្រឹម​ចុងខែ​មីនា ២០២២។ ក៏ប៉ុន្តែ ដោយសារ​ប្រេង​ឆៅ​ពិភពលោក​ចេះតែ​ឡើងថ្លៃ បន្ទាប់ពី រុស្ស៊ី ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន ជប៉ុន ក៏ត្រូវ​ដំឡើង​ខ្ទង់​ប្រាក់​ជំនួយ និង​ពន្យារពេល​កម្មវិធី​នេះ​ជា​បន្តបន្ទាប់៕

Leave a Comment