ការព្រួយបារម្ភអំពីហានិភ័យសេដ្ឋកិច្ចធ្លាក់ទៅក្នុងវិបត្តិ បណ្ដាលឱ្យប្រេងពិភពលោកបន្តធ្លាក់ថ្លៃនៅក្នុងការជួញដូរក្នុងថ្ងៃទី ៦ កក្កដា ហើយបើយោងតាមក្រុមហ៊ុន Citigroup តម្លៃប្រេង Brent អាចធ្លាក់មកនៅត្រឹម ៦៥ ដុល្លារ/ធុង នៅចុងឆ្នាំ ២០២២ បើសិនជាវិបត្តិសេដ្ឋកិច្ចកើតឡើង។
ចប់ការជួញដូរនៅក្នុងទីផ្សារ New York កាលពីម្សិលមិញ តម្លៃប្រេង WTI ប្រគល់ក្នុងខែសីហា បានធ្លាក់ចុះ ៩៧ សេនដុល្លារ (១%) មកនៅត្រឹម ៩៨.៥៣ ដុល្លារ/ធុង។ ក្នុងគ្រានោះដែរ ក្នុងទីផ្សារនៅ ទីក្រុងឡុងដ៍ តម្លៃប្រេង Brent ប្រគល់ក្នុងខែកញ្ញា បានធ្លាក់ចុះ ២.០៨ ដុល្លារ (២%) មកនៅត្រឹម ១០០.៦៩ ដុល្លារអាម៉េរិក/ធុង។ ក្នុងការជួញដូរកាលពីម្សិលមិញ ប្រេង Brent ពេលខ្លះបានធ្លាក់ថ្លៃមកនៅក្រោម ១០០ ដុល្លារ/ធុង។
ក្នុងការជួញដូរមួយថ្ងៃមុននោះ ប្រេង WTI បានធ្លាក់ថ្លៃមកក្រោម ១០០ ដុល្លារ/ធុង។ ជាក់ស្ដែង តម្លៃប្រេង WTI ប្រគល់ក្នុងខែសីហា កាលពីម្សិលម្ង៉ៃបានធ្លាក់ចុះ ៨.៩៣ ដុល្លារ (៨.២%) មកនៅត្រឹម ៩៩.៥០ ដុល្លារអាម៉េរិក/ធុង។
ការប្រែប្រួលនៃតម្លៃប្រេង បានបង្ហាញអំពីការព្រួយបារម្ភរបស់អ្នកវិនិយោគចំពោះហានិភ័យសេដ្ឋកិច្ចសកលត្រូវធ្លាក់ទៅក្នុងវិបត្តិ ដោយសារតែគោលនយោបាយបង្កើនការប្រាក់ដើម្បីទប់ទល់នឹងបញ្ហាអតិផរណារបស់ប្រទេសជាច្រើនក្នុងពិភពលោក ដែលប៉ះពាល់ដល់តម្រូវការប្រើប្រាស់ថាមពល។
យោងតាមក្រុមហ៊ុន Citigroup ប្រេងឆៅអាចធ្លាក់ថ្លៃមកនៅត្រឹម ៦៥ ដុល្លារអាម៉េរិក/ធុងនៅចុងឆ្នាំនេះ និងនៅត្រឹម ៤៥ ដុល្លារ/ធុងនៅចុងឆ្នាំ ២០២៣ បើសិនវិបត្តិសេដ្ឋកិច្ចកើតឡើង។
ក្រុមអ្នកវិភាគរបស់ Citigroup បានឱ្យដឹងថា ការរំពឹងទុកនេះគឺយោងទៅលើលក្ខខណ្ឌ «OPEC+ មិនធ្វើអន្តរាគមន៍ចូលក្នុងទីផ្សារ ហើយការវិនិយោគទៅលើសកម្មភាពរុករកប្រេងត្រូវធ្លាក់ចុះ៕