Skip to content

ក្រសួង​ឧស្សាហកម្ម ធ្វើ​ប្រតិភូកម្ម​ផ្តល់​ភាពងាយស្រួល​ក្នុង​ការផ្តល់សេវា​ជូន​ពលរដ្ឋ

ភ្នំពេញ៖ ដើម្បី​បង្កលក្ខណៈ​ឱ្យ​កាន់តែ​ងាយស្រួល និង​ឆ្លើយតបបាន​ទាន់ពេលវេលា នូវ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បានធ្វើ​ប្រតិភូកម្ម​ជា​លើកដំបូង ផ្ទេរអំណាច​ទៅដល់​ថ្នាក់​រាជធានី-ខេត្ត ស្រុក-ខណ្ឌ​តាមរយៈ​ការប្រមូលផ្តុំ​សេវា​រដ្ឋបាល​លើ​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​កន្លែង​តែមួយ។

ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​ការពិគ្រោះ​យោបល់ និង​បណ្តុះបណ្តាល​ក្នុង​ការធ្វើប្រតិភូកម្ម​អំ​ណា​ច​ការងារ​ឧស្សាហកម្ម និង​សិប្បកម្ម​ជូន​ដល់​រដ្ឋបាល​រាជធានី-ខេត្ត និង​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​រាជធានី-ខេត្ត​កាលពី​ម្សិលមិញ​ថា ការផ្តល់សេវា​តាមរយៈ​ប្រតិភូកម្ម​អំណាច របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​តាមរយៈ​យន្តការ​ច្រកចេញចូល​តែមួយ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទូទាំងប្រទេស​នេះ គឺមាន​បំណង​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព នៃ​ការផ្តល់សេវា​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការប្រមូលផ្តុំ​សេវា​រដ្ឋបាល​លើ​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​កន្លែង​តែមួយ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល និង​ឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​តម្រូវការ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ។

សិក្ខាសាលា​ដែល​បានរៀបចំ​មាន​គោលបំណង​ពិភាក្សា​ពិគ្រោះ​យោបល់ និង​បណ្តុះបណ្តាល អំពី​នីតិវិធី​គំរូ​បែបបទ​តាម​គោលការណ៍​ប្រតិភូកម្ម​អំណាច​ការងារ​ឧស្សាហកម្ម និង​សិប្បកម្ម រួមមាន៖
1.ប្រតិភូកម្ម​ការងារ​ឧស្សាហកម្ម​ស្តីពី​ការចុះបញ្ជី​រោងចក្រ​ដែលមាន​ទុន​សមមូល 2លាន​ដុល្លារ​ចុះក្រោម​ក្នុង​ដែន​សមត្ថកិច្ច​នៃ​អនុគណៈកម្មាធិការ​វិនិយោគ​រាជធានី-ខេត្ត ក្នុងនោះ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​រាជធានី-ខេត្ត​ជា​សេនាធិការ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​ចុះបញ្ជី​នេះ (ប្រកាស​ប្រតិភូកម្ម​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម)។

  1. ប្រតិភូកម្ម​ការងារ​ស​ហ​គ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ដែលមាន​ទុន​សមមូល 5ម៉ឺន ដុល្លារ​ចុះ ជូន​ដល់​រដ្ឋបាល​រាជធានី-ខេត្ត​ក្នុងការ​ចុះបញ្ជី​បង្កើត និង​ចេញ​វិញ្ញាបនបត្រ​អនុញ្ញាត​ដំណើរការ ក្នុងនោះ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​រាជធានី-ខេត្ត​ជា​សេនាធិការ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​ចុះបញ្ជី​នេះ (អនុក្រឹត្យ​លេខ 18 អនក្របក ស្តីពី​ប្រតិភូកម្ម)។
  2. ប្រតិភូកម្ម​ការងារ​សិប្បកម្ម​ដែលមាន​ក​ម្រឹត​ទុន5ពាន់​ដុល្លារ​ចុះ និង​នីតិវិធី​នៃ​ការចុះបញ្ជី បង្កើត និង​អនុញ្ញាត​ដំណើរការ​នៃ​សិប្បកម្ម​ទុន​សមមូល3ពាន់​ដុល្លារ​ចុះ ជូន​ដល់​រដ្ឋបាល​ក្រុង ស្រុក-ខណ្ឌ។ ឯកឧត្តម​បានបញ្ជាក់​ផងដែរ​ថា ការធ្វើប្រតិភូកម្ម5ពាន់​ដុល្លារ​ចុះ​នេះ ក្រសួង​បានធ្វើ​ប្រតិភូកម្ម​តាំងពី​ឆ្នាំ2011មកម្ល៉េះ ប៉ុន្តែ​បច្ចុប្បន្ន​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទើប​បង្កើត​ថ្មី ត្រូវធ្វើ​នីត្យានុកូលភាព​ឡើងវិញ​នូវ​ប្រកាស​ប្រតិភូ​កម្មនេះ ទន្ទឹមនឹងនេះ​ក្រសួង​បានសម្រេច​ធ្វើ​ប្រតិភូកម្ម​ទាំង​ចុះបញ្ជី និង​ដំណើរការ​នៅពេល​តែមួយ​សម្រាប់​សិប្បកម្ម​ដើមទុន​ក្រោម3ពាន់​ដុល្លា​ចុះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលបាន​សេវា និង​ផ្តល់ជូន​សេដ្ឋកិច្ច​ខ្នាតតូច​នៅ​មូលដ្ឋាន។

4.ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ពិនិត្យ​លើ​ស្ថានភាព​បច្ចុប្បន្ន ការចុះបញ្ជី​សហគ្រាស​ធុន​តូច និង​មធ្យម​ពុំមាន​វិសាលភាព​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​នៃ​ការចុះបញ្ជី ជាពិសេស​ការគ្រប់គ្រង​ស្ថិតិ​របស់​សហគ្រាស ធុន​តូច និង​មធ្យម នៅមានកម្រិត ដូចនេះ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បានសម្រេច​ចិត្ត​ក្នុង​សន្និបាត​បូកសរុប​របស់​ក្រសួង​នៅ​ឆ្នាំ2016 និង​ទិសដៅ​ឆ្នាំ2017 គឺ​ការធ្វើប្រតិភូកម្ម​ការងា​រ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ដែលមាន​កម្រិត​ទុន5ម៉ឺន ដល់50ម៉ឺន​ដុល្លារ​ជូន​ដល់​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​រាជធានី-ខេត្ត ក្នុង​កម្រិត​សាកល្បង​ដើម្បី​ពិនិត្យ​សមត្ថភាព​នៃ​ការគ្រប់គ្រង​របស់​អង្គភាព​មូលដ្ឋាន​លើ​វិស័យនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *