អតិផរណា​នៅ កូរ៉េខាងត្បូង មាន​កំណើន​ខ្ពស់បំផុត​ក្នុងអំឡុង​ជាង ២ ទសវត្សរ៍មក​នេះ

ក្នុង​ខែមិថុនា ២០២២ កូរ៉េខាងត្បូង មាន​អតិផរណា​ខ្ពស់បំផុត​ក្នុងអំឡុង ២៤ ឆ្នាំ​មកនេះ ដោយសារតែ​តម្លៃ​ប្រេង ពន្ធ​លើ​ឧស្ម័ន និង​អគ្គិសនី ក៏ដូចជា​តម្រូវ​ការប្រើ​ប្រាស់​កើនឡើង​ខ្ពស់ ក្នុង​គ្រា​ដែល​វិធាន​ការរក្សា​គម្លាត​សង្គម​ត្រូវបាន​បន្ធូរបន្ថយ​ជា​បន្តបន្ទាប់។

នៅ កូរ៉េខាងត្បូង ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ (CPI) ក្នុង​ខែមិថុនា​ឆ្នាំនេះ​បាន​ឡើង​ខ្ពស់ជាង ៦.០% ធៀប​នឹង​ខែមិថុនា​ឆ្នាំ​កន្លង។ នេះ​ក៏​ជា​កម្រិត​អតិផរណា​ខ្ពស់បំផុត​រាប់​ចាប់តាំងពី​ឆ្នាំ ១៩៩៨។

ប្រាក់​វ៉ុ​ន​កូរ៉េខាងត្បូង បាន​ធ្លាក់​ថ្លៃ ៤.៧% ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក នៅក្នុង​ខែមិថុនា និង​ក្លាយជា​រូបិយប័ណ្ណ​ដែល​ធ្លាក់​ថ្លៃ​ជាងគេ​លំដាប់​ទី​ពីរ​នៅ អាស៊ី បន្ទាប់ពី ប្រាក់​យ៉េន​ជប៉ុន។

ធនាគារកណ្ដាល​របស់ កូរ៉េខាងត្បូង (BOK) កំពុង​ពិនិត្យ​លើ​ការដំឡើង​ការប្រាក់​ក្នុង​សប្ដាហ៍​ក្រោយ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ។

ទេសាភិបាល​ធនាគារកណ្ដាល​កូរ៉េខាងត្បូង Rhee Chang-yong និង រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Choo Kyung-ho កាលពី​ថ្ងៃទី ៤ កក្កដា បានឱ្យដឹងថា ពួកគេ​ចង់​ធ្វើ​សកម្មភាព​ឱ្យបាន​មុន ដើម្បី​បញ្ចៀស​ហានិភ័យ​ដល់​សេដ្ឋកិច្ច នេះ​បើតាម​ទីភ្នាក់​ងារ​សារព័ត៌មាន Bloomberg៕

Leave a Comment