Skip to content

កុមារ​គួរ​លេង​កីឡា​ពិត ឱ្យ​ច្រើនជាង​លេង​ក្នុង​ឧបករណ៍​អេឡិចត្រូនិក

ដោយសារតែ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​មានការ​រីកចម្រើន​ខ្លាំង ប្រជាជន​គ្រប់គ្នា​ទាំង​នៅ​ទីក្រុង និង​តំបន់​ជនបទ​សុទ្ធ​តែមាន​ឧបករណ៍​អេឡិចត្រូនិក​ប្រើប្រាស់ ហើយ​ក្នុងនោះ​ចំនួន​កុមារ​ដែល​ចាប់ផ្តើម​លេង Smartphone និង Tablet ជាដើម​នោះ បានចាប់ផ្តើម​កើនឡើង ដែល​ពេលខ្លះ​ចរន្ត​នេះ​បាន​ជះ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់ក្មេង។

ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​នេះ គេហទំព័រ​អប់រំ​ដ៏​ល្បីល្បាញ Education World ធ្លាប់បាន​បង្ហាញ​ពី​គុណវិបត្តិ​នៃ​ការ​ញៀន​ល្បែង​តាម​អន​ឡាញ និង​បញ្ហា​នានា​ដែល​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ជួបប្រទះ​ជាមួយ​ដំណោះស្រាយ​មួយចំនួន ដោយ​ក្នុងនោះ​ការជំរុញឱ្យ​កុមារ​មាន​កន្លែង​គ្រប់គ្រាន់​ដើម្បី​លេង និង​លេង​កីឡា​អាច​ជំរុញ​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ដែលមាន​ស្ថានភាព​ផ្លូវចិត្ត​រឹងមាំ។

គេហទំព័រ​ដដែល​បានបង្ហាញ​ផងដែរ​ថា ការលេង​កីឡា​ពិតប្រាកដ ខុសគ្នា​ដាច់ស្រឡះ​ពី​ការលេង​ឧបករណ៍​អេឡិចត្រូនិក ព្រោះថា ប្រសិនបើ​កុមា​រណា​ម្នាក់​លេង​បាល់ទាត់​ដោយផ្ទាល់​គាត់​អាច​ទទួលបាន​ទាំង​ការអភិវឌ្ឍ​ផ្នែក​រាងកាយ ខួរក្បាល និង​ការទំនាក់ទំនង​ល្អ តែ​ប្រសិនបើ​ពួកគេ​លេង​កីឡា​នៅក្នុង​ឧបករណ៍​អេឡិចត្រូនិក​វិញ វា​ក៏​ផ្តល់​ផល​វិជ្ជមាន​ដូចគ្នា គ្រាន់តែ​ផល​វិជ្ជមាន​ទាំងអស់នោះ​មាន​តិចជាង​ការលេង​ដោយផ្ទាល់។ ការលេង​ឧបករណ៍​អេឡិចត្រូនិក ថ្វីត្បិតតែ​អាចធ្វើឱ្យ​កុមារ​រីករាយ និង​មិន​គ្រោះថ្នាក់​ផ្នែក​រាងកាយ មែន តែ​វា​អាចធ្វើឱ្យ​កុមារ​ញៀន និង​បាត់បង់​ភាព​សកម្ម ព្រោះ​ពួកគេ​អាច​ចូលចិត្ត​នៅ​មួយកន្លែង​ដើម្បី​លេង​កីឡា​ក្នុង​កញ្ចក់​អេក្រង់។

លើសពីនេះទៅទៀត ការដែល​លេង​កីឡា អាចធ្វើឱ្យ​កុមារ​បានឃើញ​ពិភព​ខាងក្រៅ​ច្រើន មាន​ភាព​រួសរាយ និង​អាចធ្វើឱ្យ​គាត់​មាន​ភាពស្វាហាប់​តាមរយៈ​ការមើលឃើញ​នូវ​បរិស្ថាន​ជាក់ស្តែង​ដែល​អាចធ្វើឱ្យ​ពួគគាត់​យល់​ពី​ជីវិត​រស់នៅ​ពិតប្រាកដ ខុសពី​កុមារ​ដែល​លេង​នៅក្នុង​ឧបករណ៍​អេឡិចត្រូនិក​ដែលស្រួលៗ រហូត​ធ្វើឱ្យ​ពួកគេ​គិតថា ធ្វើ​អ្វីមួយស្រួលៗ ហើយ​ពិបាក​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត និង​ងាយ​បោះបង់​ការតស៊ូ​នៅពេលដែល​ជួប​ឧបសគ្គ​ជាក់ស្តែង៕

Leave a Reply

Your email address will not be published. Required fields are marked *