កំណើន​នៃ​អតិផរណា​នៅ ប្រទេស​តួ​ក​គី កើនឡើង​ជិត​ដល់ ៨០%

អតិផរណា​ក្នុង​រយៈពេល ៦ ខែ​កន្លង នៅ ប្រទេស​តួ​ក​គឺ បាន​ហក់​ឡើង​ខ្ពស់បំផុត​ក្នុងអំឡុងពេល ២០ ឆ្នាំ​មកនេះ ចំណែក​តម្លៃ​អាហារ​ក៏​កើនឡើង​ទ្វេដង​ក្នុង ១ ឆ្នាំ​កន្លងទៅ។

យោងតាម​ទិន្នន័យ​ពី វិទ្យាស្ថាន​ស្ថិតិ​តួ​ក​គី អត្រា​តម្លៃ​ទំនិញ (CPI) របស់​ប្រទេស​តួ​ក​គី កើនឡើង​ដល់ ៧៨.៦% ក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំនេះ បើ​ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង ក្នុងនោះ ភាគច្រើន​កើតឡើង​ដោយសារ​តម្លៃ​អាហារ ភេសជ្ជៈ និង​ការដឹកជញ្ជូន។ តម្លៃ​អាហារ​បាន​កើនឡើង​ជិត ២ ដង ក្នុង ១ ឆ្នាំ​មកនេះ។ ការចំណាយ​ទៅលើ​ការដឹកជញ្ជូន​ក៏បាន​កើនឡើង ១២៣%។

ប្រទេស​តួ​ក​គី បាន​ធ្លាក់​ទៅក្នុង​វិបត្តិ​អតិផរណា​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ។ រូបិយប័ណ្ណ លី​រ៉ា​តួ​ក​គី បាន​បាត់បង់​តម្លៃ​អស់​ជាង ២០% ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំនេះ។

សេដ្ឋកិច្ច​របស់ តួ​ក​គី ក៏បាន​រង​ផលប៉ះពាល់​ពី​បញ្ហា​អតិផរណា​ដូច​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក។ ប៉ុន្តែ គោលនយោបាយ​របស់​មេ​ដឹកនាំ Tayyip Erdogan បានធ្វើឱ្យ​វិបត្តិ​កាន់​តែមាន​សភាព​ធ្ងន់​ធ្ងន់។ ប្រាក់ លី​រ៉ា ដែល​បាន​ធ្លាក់​ថ្លៃ កាន់តែ​ធ្វើឱ្យ​ទំនិញ​នាំចូល​មានតម្លៃ​កាន់តែ​ខ្ពស់។

ប្រធានាធិបតីតួកគី លោក Tayyip Erdogan

កាលពី​ខែកញ្ញា ២០២១ លោក Erdogan បានស្នើ​ឱ្យ​ធនាគារកណ្ដាល​របស់ តួ​ក​គី បញ្ចុះ​អត្រា​ការប្រាក់ នៅពេល​តម្លៃ​ទំនិញ​កើន​ឡើងជា​បន្តបន្ទាប់។ ក្នុង​គ្រា​ដែល​ធនាគារជាតិ​របស់​ប្រទេស​នានា​ដំឡើង​អត្រា​ការប្រាក់​ដើម្បី​បន្ថយ​កំណើន​អតិផរណា ប្រទេស​តួ​ក​គី បែរជា​ធ្វើ​ផ្ទុយ​ពីនេះ។ ការប្រាក់​នៅ​ប្រទេស​នេះ​នៅតែ​រក្សា​អត្រា ១៤% ចាប់ពី​ខែធ្នូ ២០២១។

ទោះជា​យ៉ាងនេះ​ក៏ដោយ លោក Erdogan នៅតែ​ការពារ​គោលនយោបាយរ​បស់​ខ្លួន ដោយ​អះអាងថា ការបន្ថយ​អត្រា​ការប្រាក់​នឹង​អូស​ទម្លាក់​កំណើន​អតិផរណា និង​បង្កើន​ការនាំចេញ។ លោក Erdogan យល់ថា បញ្ហា​សេដ្ឋកិច្ច​របស់ ប្រទេស​តួ​ក​គី កើតឡើង​ដោយសារ​ឥទ្ធិពល​ពី​ខាងក្រៅ៕

Leave a Comment