អាជ្ញាធរ​ចិន ប្រកាស​ផ្អាក​សកម្មភាព​នាំចេញ-នាំចូល​តាម​ច្រកព្រំដែន​គោក​ជាប់​ជាមួយ វៀតណាម

ភាគី​ខាង​ប្រទេស​ចិន ប្រកាស​ផ្អាក​សកម្មភាព​នាំចេញ-នាំចូល​ទំនិញ​ដែល​ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ផ្លូវគោក​ចិន-វៀតណាម Beishan-Kim Thanh ដោយសារតែ​រកឃើញ​បញ្ហា​មិន​ប្រក្រតី​នៅលើ​ទំនិញ។

បញ្ហា​មិន​ប្រក្រតី​នៅទីនេះ​គឺ​ទាក់ទង​នឹង​វីរុស SARS-CoV-2 (កូ​វីដ-១៩) ដែល​ត្រូវបាន​រកឃើញ​នៅលើ​ទំនិញ​ដែល​នាំចូល​ពី វៀតណាម ទៅកាន់ ប្រទេស​ចិន។

មុន​នោះ កាលពី​ថ្ងៃទី ២៥ មិថុនា ក្រោយពី​បាន​ផ្អាក​ជាង ៤ ខែ ភាគី​ខាង​ប្រទេស​ចិន ក៏បាន​យល់ព្រម​បើក​ច្រកទ្វារព្រំដែន Beishan-Kim Thanh ដោយ​អនុញ្ញាតឱ្យ​សាកល្បង​នាំចូល​ទំនិញ​ជា​ផ្លែឈើ​មួយចំនួន​ពី ប្រទេស​វៀតណាម។

ច្រកទ្វារព្រំដែន Beishan-Kim Thanh ស្ថិតក្នុង​ស្រុក Hekou, ខេត្ត Yunnan, ប្រទេស​ចិន និង​ក្នុង​ក្រុង Lao Cai, ខេត្ត Lao Cai, ប្រទេស​វៀតណាម។

ការប្រកាស​បិទ​ច្រកព្រំដែន​បណ្ដោះអាសន្ន​ជា​ឯកតោភាគី​របស់ អាជ្ញាធរ​ចិន មិនបាន​កំណត់ពេល​វេលា​ដែល​នឹង​បើក​ដំណើរការ​ឡើងវិញ​នោះទេ៕

Leave a Comment