ភ្នំពេញ៖ បច្ចុប្បន្នការបើកអាជីវកម្មឆុងកាហ្វេលក់កំពុងតែមានការពេញនិយមជាខ្លាំង ខណៈកំណើននៃអ្នកនិយមផឹកកាហ្វេក៏កំពុងមានការកើនឡើងដែរ។ ក្នុងនោះហាងអាជីវកម្ម “ស៊ីក្លូកាហ្វេ” ជាប្រ៊េនដ៍(ពាណិជ្ជនាម)ដែលបង្កើតឡើងដោយកូនខ្មែរក៏កំពុងតែបោះជំហានទៅមុខយ៉ាងលឿនដែរ ដោយគេអាចមើលឃើញបានតាមរយៈការគាំទ្រពីអតិថិជនក្នុងស្រុកជាច្រើន។ តើមានចំណុចពិសេសអ្វីខ្លះនៅពីក្រោយភាពជោគជ័យរបស់ហាង “ស៊ីក្លូកាហ្វេ” នេះ?
លោក ឃួន យូអ៊ី ម្ចាស់អាជីវកម្ម “ស៊ីក្លូកាហ្វេ” បានលើកឡើងថា បច្ចុប្បន្នអាជីវកម្មរបស់ហាងស៊ីក្លូកាហ្វេ ពិតជាទទួលបានការគាំទ្រពីមហាជនច្រើនប្រាកដមែនដែលក្នុងនោះអតិថិជនក្នុងស្រុកមានក្នុងរង្វង់ប្រមាណជា 80%។ ទាំងអស់នេះកើតឡើងដោយសារតែយើងឈរលើគោលការណ៍2 គឺគុណភាព និងសេវាកម្ម។ លោកបន្ដថា ដើម្បីឱ្យអាជីវកម្មនេះមានដំណើរការល្អ មិនមែនជារឿងងាយស្រួលទេ វាទាមទារឱ្យម្ចាស់អាជីវកម្មដូចជារូបលោកត្រូវរៀបចំផែនការឱ្យច្បាស់លាស់ទើបអាចឈានទៅសម្រេចគោលដៅបាន។
ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះបានបញ្ជាក់ថា មុនពេលលោកចាប់ផ្ដើមដំណើរការអាជីវកម្មស៊ីក្លូកាហ្វេនេះ លោកបានរៀបចំផែនការដោយឈរលើគោលការណ៍ធំ3 គឺការបង្កើតផលិតផល សេវាកម្ម និងការគ្រប់គ្រង។
-ការបង្កើតផលិតផល គឺត្រូវសួរខ្លួនឯងថា ផលិតផលដែលចង់បើកគឺជាអ្វី? ត្រូវរកឱ្យឃើញផលិតផលដែលថ្មី ប្លែក ព្រោះការបើកអាជីវកម្មនីមួយៗបើធ្វើតាមគ្នា ឬមានផលិតផលដូចគេ វាពិតជាគ្មានន័យនោះទេ។
-សេវាកម្ម ត្រូវរៀបចំធ្វើ និងផ្ដល់សេវាកម្មបែបណាជូនអតិថិជន សម្រាប់ស៊ីក្លូកាហ្វេ គឺទទួលអតិថិជនតាំងពីដើមរហូតដល់ទីបញ្ចប់។ ក្នុងនោះយើងត្រូវគិតចាប់តាំងពីអតិថិជនចតយានយន្ដ រហូតដល់អតិថិជនចេញទៅវិញ គឺយើងត្រូវតែរួសរាយរាក់ទាក់។
-ការគ្រប់គ្រង ត្រូវចែកជា3 ការគ្រប់គ្រងលើអតិថិជន ការគ្រប់គ្រងលើហិរញ្ញវត្ថុ និងគ្រប់គ្រងលើបុគ្គលិក។
លោកឃួន យូអ៊ី បន្ដថា បើយើងខ្លាំងលើចំណុចធំៗបីនេះហើយ អាជីវកម្មមិនងាយនឹងជួបហានិភ័យទេ ប៉ុន្ដែក៏ត្រូវមានធាតុផ្សំមួយសំខាន់បន្ថែមទៀតដែរ គឺអ្នកចង់បើកអាជីវកម្មនោះត្រូវឱ្យចេះជំនាញនោះ និងធ្វើការងារឱ្យគេជាមុនសិនដើម្បីទទួលបានបទពិសោធន៍។ ពិសេសម្ចាស់អាជីវកម្មត្រូវមានមហិច្ឆតា ទើបមានការអភិវឌ្ឍលើអាជីវកម្មខ្លួនបានល្អ។ ដូចរូបលោកផ្ទាល់បើទោះជាអាជីវកម្មមួយនេះនៅមិនទាន់ទទួលបានភាពល្បីល្បាញទូលំទូលាយរហូតដល់កម្រិតអន្ដរជាតិក៏ដោយ ប៉ុន្ដែពេលបើកអាជីវកម្មលោកមានមហិច្ឆតាជាស្រេចទៅហើយ គឺចង់ប្រកួតប្រជែងជាមួយកាហ្វេប្រ៊េនដ៍មកពីបទេស។ មូលហេតុគឺលោកចង់បង្ហាញឱ្យឃើញថា យុវជនកម្ពុជាក៏មានសមត្ថភាពបង្កើតអាជីវកម្មដោយខ្លួនឯងដូចបណ្ដាប្រទេសនានាដែរ។
ម្ចាស់អាជីកម្មរូបនេះសង្កត់ធ្ងន់ថា៖«ពាក់ព័ន្ធនឹងការទៅបម្រើការងារឱ្យគេ គឺជាចំណុចចាំបាច់បំផុត ដែលអ្នកមានគំនិតចង់បើកអាជីវកម្មផ្ទាល់ខ្លួនត្រូវធ្វើ ព្រោះនៅពេលយើងធ្វើការងារឱ្យគេយើងអាចមានឱកាសសិក្សាឃើញពីចំណុចខ្លាំង និងចំណុចខ្វះខាតរបស់គេ។ ពេលនោះយើងនឹងដឹងថា មូលហេតុអ្វីបានអាជីវកម្មគេអាចឈរជើងបាន និងទទួលបានជោគជ័យ ព្រមទាំងដឹងពីមូលហេតុដែលបណ្ដាលឱ្យអាជីវកម្មដួលរលំទៀតផង។ ពិសេសយើងនឹងទទួលបានបទពិសោធពេលជួបបញ្ហា ឬបរាជ័យលើអាជីវកម្មថា តើគេមានដំណោះស្រាយដូចម្ដេច?។ ជាក់ស្ដែងដូចជាខ្ញុំផ្ទាល់មុនពេលបើកអាជីវកម្មស៊ីក្លូកាហ្វេនេះ ខ្ញុំក៏ធ្លាប់បានទៅបម្រើការងារនៅក្នុងហាងកាហ្វេរបស់គេដែរ»។
ជាមួយគ្នានេះដែរលោក ឃួន យូអ៊ី បានសំណូមពរឱ្យយុវជនទាំងអស់ចូលរួមគាំទ្រនូវស្នាដៃ និងអាជីវកម្មរបស់កូនខ្មែរ មិនថា តែអាជីវកម្មកាហ្វេរបស់លោក ឬអាជីវកម្មអ្វីផ្សេងរបស់នរណាម្នាក់ទេ ព្រោះជំហានដំបូងនៃការបើកអាជីវកម្ម គឺម្ចាស់អាជីវកម្មត្រូវការកម្លាំងចិត្ដ និងការគាំទ្រជាខ្លាំងពីអតិថិជន បន្ទាប់ពីទទួលបានការគាំទ្រពីក្រុមគ្រួសារហើយនោះ៕