នៅថ្ងៃទី29 ខែកញ្ញា ឆ្នាំ2017 សារព័ត៌មាន Teenee បានចេញផ្សាយឱ្យដឹងថា តារាស្រីថៃល្បីសម្បូរស្នេហ៍ឈ្មោះនាង ជេនី បានសម្រក់ទឹកភ្នែកក្នុងវីដេអូ ហើយចេញសារដែលបង្ហាញពីអារម្មណ៍ក្តុកក្តួលនៅក្នុងចិត្តទៅកាន់ទស្សនិកជនឱ្យជួយយោគយល់ដល់អារម្មណ៍របស់នាង។
បើតាមរយៈបណ្ដាញសង្គមអ៊ីនស្ដាក្រាម របស់តារាស្រីរូបនេះបានបង្ហោះឱ្យដឹងថា បន្ទាប់ពីនាងទទួលបានទាំងការគាំទ្រ និងការស្អប់ខ្ពើមដ៏ច្រើនពីសំណាក់ទស្សនិកជនចំពោះរូបនាងដែលសម្ដែងជាតួចិត្តអាក្រក់ ដណ្ដើមប្ដីគេនៅក្នុងខ្សែភាពយន្តរឿងភាគ “ភ្លើងបុណ្យ” រួចមក នាងជេនីបានបង្ហោះសារខ្លីមួយ និងខ្សែវីដេអូលាយឡំជាមួយទឹកភ្នែក ដែលជាវីដេអូដកស្រង់ពីរឿងភាគមួយនេះថា “ខ្ញុំស្រឡាញ់នាងចៃរើង” ដែលជាស្ដែងឱ្យឃើញថា នាងមិនត្រឹមតែស្រឡាញ់ តួនាងចៃរើង ដែលនាងបានសម្ដែងនោះទេ តែប្រជាជនថៃទូទាំងប្រទេស ក៏មិនស្អប់តារាស្រីរូបនេះដែរ។
គួរបញ្ជាក់ផងដែរថា ទើបតែក្នុងរឿងភាគទូរទស្សន៍មួយនេះទេ ដែលនាងជេនីធ្វើឱ្យអ្នកគាំទ្រ និងទស្សនិកជនស្អប់ខ្លាំង រហូតដល់ទប់អារម្មណ៍មិនបាន ព្រោះតែសមត្ថភាពរបស់នាងសម្ដែងបានល្អខ្លាំងពេក៕