រដ្ឋាភិបាលឡាវ បានបើកភ្លើងខៀវសម្រាប់លទ្ធភាពនៃការសិក្សាលើគម្រោងផ្លូវរថភ្លើងមួយខ្សែដែលអនុញ្ញាតឱ្យការដោះដូរទំនិញ និងការដឹកជញ្ជូនរវាង ប្រទេសថៃ ឡាវ វៀតណាម និង ចិន មានភាពរលូនជាងមុន។
សារព័ត៌មាន Lao Economic Daily បានរាយការណ៍ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) មួយត្រូវបានធ្វើឡើងកាលពីម្សិលមិញ រវាង រដ្ឋាភិបាលឡាវ និងក្រុមហ៊ុន Petro Trade នៅឯ ទីស្ដីការក្រសួងផែនការ និងវិនិយោគ របស់ ប្រទេសនេះ ទាក់ទិននឹងគម្រោងផ្លូវដែកដែលនឹងតភ្ជាប់ រដ្ឋធានីវៀងចន្ទន៍ ជាមួយនឹងទីក្រុង Thakhek ក្នុងខេត្ត Khammoune ប្រទេសឡាវ ដែលជាផ្នែកមួយនៃផ្លូវរថភ្លើងមួយខ្សែតភ្ជាប់ពី ឡាវ ទៅ វៀតណាម។
គម្រោងផ្លូវរថភ្លើងឡាវ-វៀតណាម (LVRP) នេះគឺជាផ្លូវរថភ្លើងល្បឿនលឿនដោយថាមពលអគ្គិសនីមានតម្លៃ ៥ ពាន់លានដុល្លារអាម៉េរិក។ គម្រោងដែលនឹងអនុញ្ញាតឱ្យប្រើប្រាស់ក្បាលរថភ្លើងអគ្គិសនីនេះ នឹងមានប្រវែងប្រហែល ៤៥២ គីឡូម៉ែត្រ។
ក្នុងដំណាក់កាលដំបូង ផ្លូវដែកនេះនឹងតភ្ជាប់ស្រុក Thakhek ក្នុងខេត្ត Khammouane របស់ ឡាវ ជាមួយនឹងកំពង់ផែ Vung Ang ក្នុង ប្រទេសវៀតណាម ដែលមានប្រវែងប្រហែល ១៣៩ គីឡូម៉ែត្រ។ ក្នុងដំណាក់កាលទីពីរ វានឹងតភ្ជាប់ផ្លូវដែកពី Thakhek ទៅកាន់ រដ្ឋធានីវៀងចន្ទន៍ ដែលមានប្រវែងប្រហែល ៣១២ គីឡូម៉ែត្របន្ថែមទៀត។
គម្រោងផ្លូវដែកឡាវ-វៀតណាម ត្រូវបានសិក្សា និងពិនិត្យតាំងពីឆ្នាំ ២០១៥។ គម្រោងនេះនឹងអនុញ្ញាតឱ្យការដឹកជញ្ជូនទំនិញពីកំពង់ផែ Vung Ang របស់ វៀតណាម មកកាន់ផ្លូវដែកឡាវ-វៀតណាម ហើយឆ្ពោះទៅកាន់កំពង់ផែស្ងួត Thanaleng និងសួនឧស្សាហកម្មដឹកជញ្ជូនវៀងចន្ទន៍ បានដោយរលូន។
តាមរយៈការតភ្ជាប់ជាមួយនឹង មជ្ឈមណ្ឌលដឹកជញ្ជូនវៀងចន្ទន៍ ផ្លូវដែកខាងលើក៏នឹងជួយឱ្យការដោះដូរទំនិញ និងការដឹកជញ្ជូនរវាង ប្រទេសថៃ ឡាវ វៀតណាម និង ចិន បានងាយស្រួលថែមមួយកម្រិតទៀត៕