Skip to content

នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​សនឹង​ធ្វើដំណើរ​មក​កម្ពុ​ជា​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី

ភ្នំពេញ៖ បន្ទាប់ពី​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន 1លាន​តោន ក្នុង​រយៈពេល5ឆ្នាំ​រួចមក នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​បង់​ក្លា​ដែ​ស​លោកជំទាវ Sheikh Hasina នឹង​ធ្វើដំណើ​ទស្សនកិច្ច​ជា​ផ្លូវការ​ថ្មី​មួយទៀត មក​ប្រទេស​កម្ពុជា​នៅពេលឆាប់ៗខាងមុខ​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង។

ក្នុងជំនួប​ទ្វេភាគី​រវាង​ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៅឯ​ក្រុង​បាងកក ប្រទេស​ថៃ​កាលពី​ថ្ងៃទី27 កញ្ញា​កន្លងទៅនេះ លោកស្រី SaidaMunaTasneem ឯកអគ្គរដ្ឋទូត​បង់​ក្លា​ដែ​ស​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃ ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​មានប្រសាសន៍ថា ក្នុងពេល​ឆាប់​ខាងមុខនេះ​លោកជំទាវ​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​សនឹង​ធ្វើដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ដើម្បី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ចំនួន 2 ទៀត​ជាមួយ​កម្ពុជា។

គម្រោង​នៃ​ការចុះហត្ថលេខា​ចំនួន 2 រវាង​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ដែល​នឹងត្រូវ​ធ្វើឡើង​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ជំទាវ Sheikh Hasina នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស​មកកាន់​ប្រទេស​កម្ពុជា​នាពេលខាងមុខ​នេះ រួមមាន៖

1.អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​បែបបទ​សម្រាប់​រៀបចំ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​រួម (MOU on the Modalities of the Joint Trade Council)

និង 2.បន្ត​សុពលភាព​លើ​កិច្ច​ព្រម​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ឆ្នាំ2006 ដែល​បាន​ផុតកំណត់​កាលពី​ឆ្នាំ2016។

ទន្ទឹមនឹងនេះ លោកស្រី​បានស្នើ​សុំ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ជួ​យស​ម្រ​ប​សម្រួល​ជាមួយនឹង​សភាពាណិជ្ជកម្ម​កម្ពុជា ក្នុងការ​រៀបចំ​វេទិកា Business Dialogue ជាមួយ​សហព័ន្ធ​នៃ​សភាពាណិជ្ជកម្ម និង​ឧស្សាហ​កម្មបង់​ក្លា​ដែ​ស​ដើម្បី​ចាប់​ដៃគូ​ពាណិជ្ជកម្ម និង​ស្វែងរក​ឱកាស​វិនិយោគ។ លើសពីនេះ​ទៀត​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ មានបំណង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ទៀតផង។

ឆ្លើយតប​នឹង​សំណើ​របស់​លោកស្រី​ឯកអគ្គរដ្ឋទូត​បង់​ក្លា​ដែ​ស ឯកឧត្តម​រដ្ឋមន្ត្រី បាន​សន្យាថា នឹង​ជួយ​សម្របសម្រួល​ជាមួយនឹង​សភាពាណិជ្ជកម្ម​កម្ពុជា​ក្នុងការ​រៀបចំ​វេទិកា Business Dialogue ជាមួយ​សហព័ន្ធ​នៃ​សភាពាណិជ្ជកម្ម និង​ឧស្សាហ​កម្មបង់​ក្លា​ដែ​ស ដើម្បី​ចាប់​ដៃគូ​ពាណិជ្ជកម្ម និង​ស្វែងរក​ឱកាស​វិនិយោគ។ ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស​ដែល​យល់ព្រម​ទិញ​អង្ករ​កម្ពុជា​ចំនួន1លាន​តោន ក្នុង​រយៈពេល5ឆ្នាំ ចាប់ពី​ឆ្នាំ2017-2022៕

Leave a Reply

Your email address will not be published. Required fields are marked *