ផ្កាយរណបខ្នាតតូចមួយគ្រឿង ត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាសកាលពីម្សិលមិញ ដើម្បីជាការចាប់ផ្ដើមជំហានដំបូងសម្រាប់កម្មវិធីព្រះចន្ទ Artemis។
យានអវកាស Photon នាំយកផ្កាយរណប CAPSTONE ដែលត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត Electron របស់ក្រុមហ៊ុន Rocket Lab ពីឧបទ្វីប Mahia របស់ នូវែលសេឡង់ កាលពីវេលាម៉ោងជិត ២២ ថ្ងៃទី ២៨ មិថុនា (ម៉ោងជិត ១៧ នៅ ភ្នំពេញ)។
ក្នុងរយៈពេល ៥ ថ្ងៃទៀត បើសិនជាអ្វីៗដំណើរការល្អ Photon នឹងបញ្ឆេះម៉ាស៊ីនលើកចុងក្រោយរបស់វាក្នុងបំណងបង្កើនល្បឿនឱ្យដល់ ៣៩,៥០០ គីឡូម៉ែត្រ/ម៉ោង ដើម្បីអាចហោះផុតពីទំនាញផែនដី និងឆ្ពោះទៅកាន់ឋានព្រះចន្ទ។ ក្នុងអំឡុង ២០ នាទី រាប់ចាប់ពីពេលបញ្ឆេះម៉ាស៊ីននោះ Photon នឹងបញ្ចេញផ្កាយរណប CAPSTONE។
ក្នុងរយៈពេលប៉ុន្មានខែខាងមុខ យូរៗម្ដង CAPSTONE នឹងបញ្ឆេះម៉ាស៊ីនរបស់វា ហើយចុងក្រោយនឹងហោះចូលដល់គន្លងគោចរ NRHO ដែលនៅជុំវិញព្រះចន្ទ ជាទីដែលផ្កាយរណបនេះមានភារកិច្ចត្រួតពិនិត្យស្ថិរភាពរបស់គន្លងគោចរដែល ណាសា គ្រោងនឹងដាក់ស្ថានីយអវកាស Gateway។
Gateway នឹងដើរតួនាទីជាទីតាំងសំចតសម្រាប់យានមានមនុស្សបើក និងយានគ្មានមនុស្សបើក ត្រៀមខ្លួនដើម្បីចុះចតលើដីឋានព្រះចន្ទ។ ណាសា បានកំណត់គោលដៅបាញ់បង្ហោះបន្ទប់ស្នូលរបស់ស្ថានីយអវកាស Gateway នៅចុងឆ្នាំ ២០២៤។
CAPSTONE មានទម្ងន់តែ ២៥ គីឡូក្រាម និងមានទំហំប៉ុនចង្ក្រាមមីក្រូវ៉េវមួយគ្រឿង។ នេះគឺជាឧបករណ៍ស្វែងរកផ្លូវ ឬទិស មានសមត្ថភាពកែប្រែទិសដោយស្វ័យប្រវត្តដើម្បីរក្សាគន្លងគោចរ៕