Skip to content

កម្ពុជា-ថៃ​នឹងមាន​ច្រក​អន្ដរជាតិ​ថ្មី​មួយទៀត​នៅ​ដើមខែ​មុខ​នេះ

ក្រោយពី​មានការ​បង្ហើប​ប្រាប់​ពី​អតីត​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ពេលថ្មីៗជុំវិញ​រឿង​ដែលថា កម្ពុជា និង​ថៃ​គ្រោង​នឹង​បើក​ច្រកព្រំដែន​អន្ដរជាតិ​ចំនួន4បន្ថែមទៀត​នោះ នៅ​ថ្ងៃទី1 ខែតុលា ឆ្នាំ2017 ខាងមុខនេះ ច្រក​អន្ដរជាតិ​ភ្នំ​ដី​ក្នុង​ខេត្ដ​បាត់ដំបង​ដែល​នៅជាប់​នឹង​ច្រក​ខៅ​ឌី​ន​ខេត្ដ​ស្រះកែវ​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ។

ឯកឧត្ដម Nuthavudh Photisaro បញ្ជាក់ថា ដោយសារតែ​កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ជា​បន្ដ​បន្ទាប់ និង​ដើម្បី​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ដើរទៅ​ដល់​គោលដៅ​ផែនការ គឺ15,000 លាន​ដុ​លា្ល​រ​អាមេរិក​ក្នុង​ឆ្នាំ2020ខាងមុខ ទើប​ធ្វើឱ្យ​មានការ​ឈានទៅ​បើក​ច្រកព្រំដែន​អន្ដរជាតិ​ទាំង4នោះ​បន្ថែមទៀត  ពិសេស​ច្រក​ថ្មី​ទាំងអស់នោះ វា​នឹង​អាចជួយ​សម្រួល​ដល់​កិច្ច​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង បន្ទាប់ពី​មើលឃើញថា ច្រកព្រំដែន​អន្ដរជាតិ​ប៉ោយប៉ែត​ចាប់ផ្ដើម​មាន​ភាព​មមាញឹក និង​កកស្ទះ​ខ្លាំង។

ច្រកព្រំដែន​អន្ដរជាតិ​ភ្នំ​ដី​មាន​ទីតាំងនៅ​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ13 ឃុំ​សន្ដិភាព ស្រុក​សំពៅ​លូន​ខេត្ដ​បាត់ដំបង ទល់នឹង​ច្រក​អន្ដរជាតិ​ខៅ​ឌី​ន​ដែល​ស្ថិតក្នុង​ខេត្ដ​ស្រះកែវ​របស់​ប្រទេស​ថៃ។ ក្រោយពី​ច្រក​អន្ដរជាតិ​នេះ​ដំណើរការ ភាគី​ទាំងពីរ​នឹងដាក់​ឱ្យមាន​វត្ដ​មាន​នគរបាល​អន្ដោប្រវេសន៍​នៃ​ប្រទេស​ទាំងពីរ​ដើម្បី​ត្រួតពិនិត្យ និង​ចេញ​ទិដ្ឋាការ​ឆ្លងដែន​ជូន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​ភ្ញៀវ​អន្ដរជាតិ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​មួយ​នេះ​ផងដែរ។ ច្រក​ភ្នំ​ដី​ខេត្ដ​បាត់ដំបង ឬ​ច្រក​គីឡូម៉ែត្រ​លេខ13 គឺជា​ច្រក​សម្រាប់ធ្វើ​ការដោះដូរ​ទំនិញ​រវាង​ស្រុក​សំពៅ​លូន​ខេត្ដ​បាត់ដំបង និង​ស្រុក​ខ្លង​ហាត ខេត្ដ​ស្រះកែវ​ផងដែរ។

គួរបញ្ជាក់​ផងដែរ​ថា ខេត្ដ​បាត់ដំបង​មាន​ច្រកព្រំដែន​អន្ដរជាតិ​ចំនួន 2 គឺ​ច្រក​ដូង​ស្ថិតនៅ​ក្នុងស្រុក​កំរៀង និង​ច្រក​អន្ដរជាតិ​គីឡូម៉ែត្រ​លេខ13ដែល​នឹង​បើក​ដំណើរការ​នៅ​ដើមខែ​តុលា​ខាងមុខនេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *