ក្នុងរយៈពេលតែមួយខែសោះ តម្លៃប្រេង Urals របស់ រុស្ស៊ី បានកើនឡើង ២០% ដោយសារតែតម្រូវការខ្ពស់នៅក្នុង ទ្វីបអាស៊ី។
កាលពីថ្ងៃទី ២៨ មិថុនា មេដឹកនាំនៃក្រុមប្រទេស G៧ បានឯកភាពគ្នាលើការស្វែងរកវិធីដើម្បីកំណត់តម្លៃពិតានចំពោះប្រេងរបស់ រុស្ស៊ី ក្នុងបំណងកាត់បន្ថយប្រភពចំណូលដែល វិមានក្រឹមឡាំង ប្រើប្រាស់សម្រាប់សង្គ្រាមនៅ អ៊ុយក្រែន។ គំនិតនេះនឹងត្រូវបានពិភាក្សាលម្អិតនៅក្នុងសប្ដាហ៍នេះ។
ក៏ប៉ុន្តែ ទិន្នន័យពី រដ្ឋាភិបាលរុស្ស៊ី បានបង្ហាញថា តម្លៃប្រេង Urals របស់ប្រទេសនេះកំពុងតែកើនឡើងនៅឡើយ។ ប្រការនេះបញ្ជាក់ថា តម្រូវការប្រេងរុស្ស៊ី ពិតជាមានកម្រិតខ្ពស់។ ក្នុងអំឡុងពេលពីពាក់កណ្ដាលខែឧសភា និងពាក់កណ្ដាលខែមិថុនា តម្លៃមធ្យមរបស់ប្រេង Urals គឺ ៨៧.៤៩ ដុល្លារ/ធុង។ តួលេខនេះកើន ២០% ធៀបនឹងមួយខែមុននោះ នេះបើតាម ក្រសួងហិរញ្ញវត្ថុរុស្ស៊ី។
បើទោះជាប្រេង Urals នៅតែមានតម្លៃថោកជាងប្រេង Brent ប៉ុន្តែគន្លាតរវាងតម្លៃប្រេងទាំងពីរនេះកាន់តែត្រូវបានកាត់បន្ថយ។
ប្រេង Urals ថ្លៃជាងមុន បើទោះជា កាលពីថ្ងៃទី ១៥ ឧសភា សហភាពអឺរ៉ុប បានហាមជួញដូរជាមួយបណ្ដា ក្រុមហ៊ុនរដ្ឋរុស្ស៊ី ក៏ដោយ។ ថ្វីបើបទបញ្ជារបស់ សហភាពអឺរ៉ុប នៅតែអនុញ្ញាតឱ្យទិញប្រេងឧស្ម័នរបស់ រុស្ស៊ី ប៉ុន្តែ ក្រុមអ្នកជំនួញបានចាត់ទុកថា នេះគឺជាការហាមឃាត់ទាំងស្រុងនូវការរកស៊ីជាមួយបណ្ដាក្រុមហ៊ុនថាមពលរបស់ រុស្ស៊ី។
ក៏ប៉ុន្តែ ដោយសារតែបានផ្ដោតទៅលើទីផ្សារនៅ អាស៊ី បូករួមនឹងការដែលបណ្ដាក្រុមហ៊ុនតូចៗ ហ៊ានរកស៊ីជាមួយ រុស្ស៊ី ដូច្នេះ លំហូរប្រេងឧស្ម័នរបស់ រុស្ស៊ី នៅតែត្រូវបានរក្សា។ ក្នុងរយៈពេល ១៣ ថ្ងៃដើមខែមិថុនា ការនាំចេញប្រេងតាមរយៈបំពង់បង្ហូរ និងកំពង់ផែនានារបស់ រុស្ស៊ី សម្រេចបានជាមធ្យម ៤.៦២ លានធុង/ថ្ងៃ នេះបើតាម Bloomberg។ តួលេខនេះគ្រាន់តែទាបបន្តិចប៉ុណ្ណោះ បើធៀបនឹងមួយខែមុននោះ៕