រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី Zafrul Tengku Abdul Aziz បានឱ្យដឹងថា រហូតមកដល់ឆ្នាំនេះ ខ្ទង់ប្រាក់ដែលរដ្ឋាភិបាលគ្រោងនឹងផ្ដល់ជាជំនួយដល់ប្រជាជននឹងមានរហូតដល់ជិត ៧៧.៣ ពាន់លានរីងហ្គីតម៉ាឡេស៊ី (MYR) ដែលប្រហាក់ប្រហែលនឹង ២០ ពាន់លនដុល្លារអាម៉េរិក។
ប្រភពព័ត៌មានពី គូឡាឡាំពួ ដកស្រង់របាយការណ៍ហិរញ្ញវត្ថុទី ១០០ ដែលប្រកាសក្នុងថ្ងៃទី ២៧ មិថុនា បានឱ្យដឹងថា ដើម្បីកាត់បន្ថយសម្ពាធចំពោះប្រជាជនក្រីក្រ រដ្ឋាភិបាលបាន និងគ្រោងផ្ដល់ជំនួយ រួមមានដូចជា ខ្ទង់ប្រាក់សម្រាប់ទិញប្រេងសាំង, ប្រេងម៉ាស៊ូត, ឧស្ម័នរាវ (LPG), ប្រេងឆា, ម្សៅមី និងអគ្គិសនី។ រាល់ខ្ទង់ជំនួយនេះនៅក្នុងឆ្នាំ ២០២២ គឺជាកញ្ចប់ជំនួយធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ធៀបនឹងបណ្ដារដ្ឋាភិបាលមុន។
ក៏ប៉ុន្តែ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Zafrul Tengku Abdul Aziz បានបន្ថែមថា រដ្ឋាភិបាលនឹងបន្តអនុវត្តគោលនយោបាយនានាដើម្បីទប់ទល់នឹងបញ្ហាទំនិញឡើងថ្លៃ ទន្ទឹមនឹងការជួយដល់ប្រជាជនដែលត្រូវការជំនួយដោយផ្ទាល់។
យោងតាមលោក Aziz មួយផ្នែកធំនៃកញ្ចប់ថវិការបស់រដ្ឋាភិបាល ត្រូវបានចំណាយដើម្បីដោះស្រាយផលប៉ះពាល់ពីកូវីដ-១៩ ដែលរួមមានទាំងការទិញវ៉ាក់សាំងចាក់ជូនដោយមិនគិតថ្លៃ និងការផ្ដល់ជំនួយជាប្រាក់ខែក្នុងសម័យកូវីដ-១៩។ រដ្ឋាភិបាលបានផ្ទេរប្រាក់ជាង ២០ ពាន់លានរីងហ្គីត ទៅឱ្យក្រុមហ៊ុនជាង ៣៥០,០០០ស្ថាប័ន ដើម្បីរក្សាការងារជូននិយោជិត បុគ្គលិក និងកម្មករក្នុងស្រុកជិត ៣ លាននាក់៕