លោក Carlo Ancelotti បានចាកចេញពីតំណែងរបស់លោកក្នុងនាមជាគ្រូបង្វឹកនៅក្លិប Bayern Munich ហើយ។ នេះបើយោងតាមការប្រកាសរបស់ក្លិបកាលពីរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ។ ព័ត៌មាននេះកើតឡើង ក្រោយពីក្រុម Bayern បានរងបរាជ័យដ៏អាម៉ាស់ក្នុងលទ្ធផល 3-0 ក្រោមស្នាដៃក្រុម Paris Saint-Germain ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ខណៈដែលនេះគឺជាការរងបរាជ័យដ៏ធំបំផុតរបស់ពួកគេក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូល ក្នុងរយៈពេល21ឆ្នាំ។
លោក Karl-Heinz Rummenigge ប្រធានប្រតិបត្តិរបស់ក្លិប Bayern បានធ្វើការព្រមានរួចជាស្រេចថា វានឹងមានលទ្ធផលអាក្រក់តបស្នងវិញ បន្ទាប់ពីការបរាជ័យក្នុងប្រទេសបារាំង ខណៈដែលកាសែត SportBild បានចេញផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំមួយនឹងត្រូវរៀបចំឡើងនៅល្ងាចថ្ងៃដដែលនោះ ដើម្បីពិភាក្សាទៅលើអនាគតរបស់លោក Ancelotti។
សេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា៖ «បន្ទាប់ពីការពិភាក្សាផ្ទៃក្នុងនៅទីក្រុង Munich កាលពីថ្ងៃព្រហស្បតិ៍ ទី28 ខែកញ្ញា ឆ្នាំ2017 ក្លិប Bayern Munchen សូមប្រកាសថា ក្លិបនេះនឹងចែកផ្លូវជាមួយនឹងលោកគ្រូបង្វឹក Carlo Ancelotti ចាប់ពីពេលនេះតទៅ។ លោកគ្រូបង្វឹកជំនួយ Willy Sagnol នឹងចូលកាន់តំណែងជំនួសក្នុងក្រុមនេះក្នុងតួនាទីជាគ្រូបង្វឹកបណ្តោះអាសន្ន»។
សម្ពាធផ្សេងៗកំពុងតែកើតឡើងរួចជាស្រេចទៅលើលោក Ancelotti វ័យ58ឆ្នាំ ខណៈដែលក្រុម Bayern បានជួបភាពត្រដាបត្រដួសនៅដើមរដូវកាលនេះ នៅមុនពេលចាញ់ក្រុម PSG 3-0 ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃពុធ។ បន្ទាប់ពីការប្រកួតនេះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ត្រូវបានចោទសួរដោយបណ្តាញសារព័ត៌មានអាល្លឺម៉ង់ អំពីបច្ចេកទេស និងការជ្រើសរើសក្រុមរបស់លោក ក្រោយពីលោកបានសម្រេចចិត្តដាក់ឲ្យ Franck Ribery, Arjen Robben និង Mats Hummels លេងជាកីឡាករបម្រុង៕
ប្រភពពី៖ ESPN