ស្ថិតនៅក្នុងគោលបំណងចូលរួមចំណែកជួយដល់ការងារសង្គមជាតិកម្ពុជា ក៏ដូចជាការជួលសម្រាលដល់ភាពលំបាករបស់ពលរដ្ឋទូទៅនោះ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ខាំ-ផែន ថ្នាំពណ៌ជាតិ (CAMBODIAN CHEMICAL SUPPLY CO., LTD) តែងបានបង្កើតកម្មវិធីបរិច្ចាគថវិកាមូលនិធីដែលបង្កើតឡើងដោយក្រុមហ៊ុនផ្ទាល់ជូនដល់មន្ទីរពេទ្យ អង្គការក្នុងស្រុក ក៏ដូចជាសហគមន៍នានាជាហូរហែ។
ជាក់ស្ដែង កាលពីថ្ងៃទី12 ខែកញ្ញា ឆ្នាំ2017 កន្លងទៅនេះ ក្រុមហ៊ុន បាននាំយកថវិកាចំនួន 12,017 ដុល្លារ ផ្តល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ដែលមានទីតាំងនៅក្រុងសៀមរាប ដើម្បីជួយសម្រាលបន្ទុក និងទ្រទ្រង់ដល់មន្ទីរពេទ្យក្នុងការពិនិត្យ ព្យាបាលជំងឺដល់កុមារកម្ពុជា ដែលមិនមានលទ្ធភាព ។ បន្ថែមពីនេះ នៅថ្ងៃទី15 ខែឆ្នាំដដែល ក្រុមហ៊ុន រួមជាមួយបុគ្គលិក និងថ្នាក់ដឹកនាំ បានបន្តនាំយកថវិកាមូលនីធិចំនួន 22,017 ដុល្លារ ទៅឧបត្ថម្ភដល់អង្គការដើម្បីភាពញញឹមនៃកុមារ ដែលមានទីតាំងស្ថិតនៅឃុំទី12 ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក សោម សម្បត្តិ នាយកប្រតិបត្តិនៃក្រុមហ៊ុន ខាំ-ផែន បានលើកឡើងថា សម្រាប់ថវិកាខាងលើនេះ ថ្វីត្បិតមានចំនួនតិចតួច មិនអាចទ្រទ្រង់នូវបន្ទុកនៃការចំណាយរបស់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាការចំណាយយ៉ាងសន្ធឹកសន្ធាប់របស់អង្គការដើម្បីភាពញញឹមនៃកុមា ប៉ុន្តែវាជាការឆ្លុះបង្ហាញឱ្យឃើញពីទឹកចិត្តរបស់ថ្នាក់ដឹកនាំ បុគ្គលិក ក៏ដូចជាអតិថិជនទាំងអស់របស់ក្រុមហ៊ុន ខាំ-ផែន ថ្នាំពណ៌ជាតិ ក្នុងការលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការងារសង្គមជាតិ ហើយក៏ចង់ធ្វើឱ្យសកម្មភាពមួយនេះក្លាយទៅជាគំរូ និងវប្បធម៌មួយសម្រាប់សហគ្រាសអាជីវកម្មដទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក សោម សម្បត្តិ បានបញ្ជាក់ថា ៖ « ដោយសារកាលពីឆ្នាំមុន មានមន្ត្រីផ្នែកទំនាក់ទំនងរបស់មន្ទីរពេទ្យកុមារអង្គរ បានធ្វើទស្សនកិច្ចនៅក្រុមហ៊ុន ខាំ-ផែន ហើយបានបង្ហាញឱ្យក្រុមហ៊ុនបានយល់ច្បាស់ពីសកម្មភាពល្អៗជាច្រើនដែលមន្ទីរពេទ្យនេះបានធ្វើ ដូចជា ការជួយព្យាបាលដោយមិនគិតកម្រៃដល់កុមារក្រីក្ររាប់រយពាន់នាក់ក្នុងមួយឆ្នាំៗ ការផ្តល់សេវាថែទាំសុខភាពតាមភូមិ និងបណ្តុះបណ្តាលលើការថែទាំសុខភាពដល់ប្រជាពលរដ្ឋ ។ល។ បើពុំមានវត្តមានរបស់មន្ទីរពេទ្យនេះទេ មិនដឹងថាវាសនារបស់ក្មេងក្នុងគ្រួសារដែលពុំមានលទ្ធភាពនាំកូនទៅព្យាបាលនៅតាមមន្ទីរពេទ្យឯកជនរាប់ម៉ឺននាក់នោះ នឹងត្រូវជួបប្រទះផលលំបាកយ៉ាងណានោះទេ។
ដោយហេតុនេះ ទើបឆ្នាំនេះ ក្រុមហ៊ុន ខាំ-ផែន និងអតិថិជនទាំងអស់របស់ក្រុមហ៊ុន សម្រេចចិត្តថាត្រូវតែយកថវិកាមួយចំនួនធំ មកបរិច្ចាកជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ ហើយនឹងនៅបន្តជួយទៅឆ្នាំខាងមុខៗទៀត»។ ដោយឡែក សម្រាប់ការផ្តល់ជូនថវិកាមូលនីធិដល់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ក៏ជាចូលរួមចំណែកក្នុងការចែករំលែកនូវទុក្ខលំបាក និងគាំទ្រដល់សកម្មភាព ប្រតិបត្តិការរបស់អង្គការមួយនេះដែរ។ លោក សោម សម្បត្តិ បានបញ្ជាក់ទៀតថា ៖ «ខ្ញុំបានស្គាល់ និងចូលរួមជួយឧបត្ថម្ភដល់អង្គការ PSE នេះ តាំងពីខ្ញុំនៅធ្វើការអោយគេម្លេះ រហូតដល់ខ្ញុំចាប់ផ្តើមអាជីវកម្មខ្លួនឯង ក៏នៅតែបន្តជួយ ដោយខ្ញុំយល់ថា អង្គការនេះជាកន្លែងដ៏ល្អបំផុតមួយដែលបានកសាងមនុស្សល្អ និងមានសមត្ថភាពសម្រាប់សង្គមជាតិ។
ការចូលរួមរបស់យើងរួមមាន ៖ ការឧបត្ថម្ភជាថវិកាក្នុងកម្មវិធីនានា ដែលអង្គការនេះរៀបចំឡើងដូចជា កម្មវីធីតាំងពិពណ៌ម្ហូបអាហារសប្បុរសធម៌រាល់ឆ្នាំ កម្មវិធី Gala Dinner, កម្មវិធី Rice to School, ។ល។ លើសពីនេះ យើងក៏បានឧបត្ថម្ភជាថវិកាដល់ក្រុមសិល្បៈផ្នែករបាំត្រុដិនៃអង្គការនេះជារៀងរាល់ឆ្នាំ ការបរិច្ចាគថ្នាំពណ៌សម្រាប់លាបអគារសិក្សា។ ក្រៅពីថវិកា យើងក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសិក្សារបស់សិស្ស តាមរយៈការចូលរួមធ្វើជាវាគ្មិនចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់សិស្ស ការចូលរួមប្រជុំគណៈកម្មការនាយករបស់សាលាសំណង់ និងសាលាពាណិជ្ជកម្ម និងទទួលទស្សកិច្ចសិក្សា និងកម្មសិក្សាសម្រាប់សិស្សនិស្សិតពីអង្គការនេះផងដែរ។
ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនយើងបានរៀបចំកម្មវិធីជប់លៀងថ្លែងអំណរគុណដល់ អតិថិជន របស់យើងនៅគ្រប់ខេត្តក្រុងទូទាំងប្រទេសជារៀងរាល់ឆ្នាំ ហើយនៅក្នុងកម្មវិធីនីមួយៗ មានអតិថិជនមួយចំនួនចង់ចូលរួមជាថវិកាមកក្រុមហ៊ុនសម្រាប់ជួយទូទាត់ចំណាយ តែក្រុមហ៊ុនមិនមានបំណងទទួលពីពួកគាត់ទេ ដូច្នេះយើងក៏បានគិតដល់ការបង្កើតជាមូលនិធិរួមគ្នារវាងក្រុមហ៊ុនជា មួយអតិថិជនរបស់យើង ដើម្បីបរិច្ចាគជូនដល់អង្គការ PSE ទុកប្រើជាប្រយោជន៍ដល់កុមារក្នុងមណ្ឌល។ ជាក់ស្តែងកាលពីឆ្នាំ 2015 យើងបានបរិច្ចាកជូនអង្គការ PSE ជាង 8,000 ដុល្លារ ឆ្នាំ 2016 ចំនួន 18,000 ដុល្លារ ហើយឆ្នាំនេះ យើងបានឧបត្ថម្ភថវិកាចំនួន 22,017 ដុល្លារថែមទៀត» ។
គួររំលឹកផងដែរថា ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខាំ-ផែន) ជាក្រុមហ៊ុនផលិតថ្នាំពណ៌របស់ខ្មែរ ដែលបានផ្តើមចេញពីសិប្បកម្មដ៏តូចមួយនៅក្នុងឆ្នាំ 2004 ហើយបច្ចុប្បន្នបានក្លាយជារោងចក្រផលិតថ្នាំពណ៌របស់ខ្មែរធំជាងគេក្នុងប្រទេសកម្ពុជា ខណៈដែលមានការគាំទ្រពីសំណាក់ប្រជាជនខ្មែរនៅទូទាំងប្រទេស។ ក្រៅពីការធ្វើអាជីវកម្មដើម្បីប្រាក់ចំណេញ ក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសង្គមរួមមានដូចជា ៖ រាល់សារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន គឺក្រុមហ៊ុនមិននាំចូលមកប្រើប្រាស់ជាដាច់ខាត។ ក្រុមហ៊ុនបានប្តេជ្ញាជួលបុគ្គលិកជាជនជាតិខ្មែរ 100% ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជា និងព្យាយាមចូលរួមជួយជ្រោមជ្រែងរាល់សកម្មភាពដែលនាំឱ្យមានការរីកចម្រើនលើវិស័យអប់រំ ទេសចរណ៍ និងសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជាតាមរយៈការជួយឧបត្ថម្ភដល់អង្គការ និងសមាគមន៍នានា ៕