ចាប់ពីថ្ងៃទី ២៤ មិថុនា ក្នុង ១ ថ្ងៃ អតិថិជនម្នាក់ មានសិទ្ធិទិញប្រេងសាំងត្រឹមតែ ៥០ លីត្រប៉ុណ្ណោះ នៅក្នុងស្ថានីយប្រេងទាំងឡាយរបស់ក្រុមហ៊ុន MOL នៅ ប្រទេសហុងគ្រី ដែលនេះបានថយចុះពាក់កណ្ដាលធៀបនឹងការកំណត់មុននោះ។
អ្នកនាំពាក្យរបស់ MOL អ្នកស្រី Piroska Bakos ឱ្យដឹងថា ការកំណត់នេះគឺក្នុងបំណងធានាប្រភពផ្គត់ផ្គង់។ ក្រៅពីនេះ អ្នកដែលទិញដោយចាក់មួយពេញ នឹងមិនត្រូវបានអនុញ្ញាតឱ្យទិញទៅតាមតម្លៃពិតាន (តម្លៃអតិបរមាដែលកំណត់ដោយស្ថាប័នរដ្ឋ) ទៀតឡើយ។
តម្រូវការប្រេងសាំងបានកើនពី ៣០ – ៤០% ក្នុងរដូវក្ដៅ ដោយសារតែសកម្មភាពនៃវិស័យទេសចរណ៍ និងកសិកម្មមានការកើនឡើង។ ក៏ប៉ុន្តែ ការដែលរដ្ឋាភិបាលកំណត់តម្លៃពិតាន ១.២៧ ដុល្លារ/លីត្រ ចំពោះសាំង RON 95 និង ប្រេងម៉ាស៊ូត ដែលទាបជាងឆ្ងាយធៀបនឹងតម្លៃក្នុងទីផ្សារ បាននាំឱ្យមានហានិភ័យខ្វះប្រភពផ្គត់ផ្គង់។
ក្រុមហ៊ុន MOL ដែលមានបណ្ដាញស្ថានីយប្រេងសាំងធំជាងគេបង្អស់នៅ ហុងគ្រី បានអំពាវនាវឱ្យរដ្ឋាភិបាល លុបចោលទៅតាមជំហានៗលើការកំណត់តម្លៃពិតាន ដែលត្រូវបានអនុវត្តចាប់ពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំកន្លង។ ការកំណត់តម្លៃពិតាននៃប្រេងសាំងគឺជាការប្រឹងប្រែងរបស់ រដ្ឋាភិបាលហុងគ្រី ដើម្បីការពារប្រជាពលរដ្ឋនៅចំពោះមុខស្ថានភាពអតិផរណាកំពុងកើនឡើងខ្ពស់ ដែលបច្ចុប្បន្នបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងអំឡុង ២ ទសវត្សរ៍កន្លងមកនេះ៕