យោងតាមទំព័រ Laotiantimes កាលពីថ្ងៃទី ២៣ មិថុនា អាជ្ញាធរថៃ កំពុងពិភាក្សាជាមួយ ឡាវ និង វៀតណាម ស្ដីពីគម្រោងបើកផ្លូវរថយន្តក្រុងថ្មី ដែលតភ្ជាប់តំបន់ល្បីឈ្មោះនានារបស់ប្រទេសទាំង ៣ នេះ។
ទីភ្នាក់ងារសារព័ត៌មានខាងលើបានឱ្យដឹងថា រាជរដ្ឋាភិបាលថៃ បានយល់ស្របចំពោះការចរចាដើម្បីជំរុញការបើកផ្លូវសម្រាប់រថយន្តក្រុងដែលនឹងតភ្ជាប់ ៣ ប្រទេស គឺ ថៃ ឡាវ និង វៀតណាម តាមរយៈផ្លូវ R12 ពី Nakhon Phanom (នគរភ្នំ ប្រទេសថៃ) ទៅកាន់ទីរួមស្រុក Thakhek នៃ ខេត្ត Khammouane (ខាំមួន ភាគកណ្ដាលប្រទេសឡាវ) និង ខេត្ត Ha Tinh (ហាទិញ ប្រទេសវៀតណាម)។ ចម្ងាយផ្លូវពី ខេត្តនគរភ្នំ ទៅដល់ ខេត្តហាទិញ គឺប្រហែល ៣០០ គីឡូម៉ែត្រ។
ក្រសួងដឹកជញ្ជូនថៃ ឱ្យដឹងថា ក្រសួងនេះកំពុងតែប្រឹងប្រែងជំរុញដំណើរការបើកផ្លូវមួយខ្សែនេះ ក្នុងនោះរួមមានការស្នើឱ្យ ឡាវ បើកកិច្ចប្រជុំត្រីភាគីជាលើកទីពីរកាន់តែឆាប់កាន់តែល្អ ដើម្បីពិភាក្សាអំពីរូបមន្តនៃសេវាកម្ម និងបង្កើតកិច្ចព្រមព្រៀងផ្លូវការទាក់ទិននឹងផ្លូវរថយន្តក្រុងនេះ។
យោងតាមសារព័ត៌មាន Laotiantimes ប្រទេសទាំង ៣ ដែលមានវប្បធម៌ សិល្បៈ ប្រាង្គប្រាសាទ និងទីតាំងសាសនា ក៏ដូចជាបេតិកភណ្ឌធម្មជាតិជាច្រើនដែលទាក់ទាញចំណាត់អារម្មណ៍របស់ទេសចរក្នុងតំបន់ និងពិភពលោក៕