កាលពីថ្ងៃទី ២៣ មិថុនា ២០២២ សិង្ហបុរី ចាប់ផ្ដើមនាំចូលថាមពលកកើតឡើងវិញពី ប្រទេសឡាវ តាមរយៈ ប្រទេសថៃ និង ម៉ាឡេស៊ី។ នេះគឺជាការទិញដូរអគ្គិសនីឆ្លងដែនពហុភាគីដំបូងទាក់ទងនឹង ៤ ប្រទេសនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ហើយក៏ជាលើកដំបូងដែល សិង្ហបុរី នាំចូលថាមពលកកើតឡើងវិញពីបរទេស។
អគ្គិសនី ១០០ MW ពី ប្រទេសឡាវ នឹងត្រូវបាននាំចូល ប្រទេសសិង្ហបុរី តាមរយៈតំណភ្ជាប់ដែលមាននាបច្ចុប្បន្ននៅក្នុងក្របខណ្ឌនៃ គម្រោងដំឡើងអគ្គិសនីរបស់ ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី ដែលជាគម្រោងអន្តររដ្ឋាភិបាល ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៤ ដើម្បីស្រាវជ្រាវលើលទ្ធភាពនៃការធ្វើពាណិជ្ជកម្មអគ្គិសនីឆ្លងព្រំដែន។
កាលពីខែតុលា ២០២១ សិង្ហបុរី បានប្រកាសគម្រោងនាំចូលអគ្គិសនីប្រហែល ៣០% ពីបណ្ដាប្រភពដែលបញ្ចេញកាបូនទាបនៅឆ្នាំ ២០៣៥ ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យអគ្គិសនីរបស់ខ្លួន។ បច្ចុប្បន្ន ជាង ៩៥% នៃវិស័យអគ្គិសនីរបស់ សិង្ហបុរី ត្រូវបានបង្កើតឡើងដោយវិធីដុតឧស្ម័នធម្មជាតិ។
ការសាងសង់បណ្ដារោងចក្រអគ្គិសនីដើរដោយថាមពលព្រះអាទិត្យខ្នាតធំ រោងចក្រអគ្គិសនីថាមពលខ្យល់ ឬវារីអគ្គិសនី នៅ សិង្ហបុរី មានការលំបាកខ្លាំងដោយសារតែទឹកដីតូចចង្អៀត។ ក៏ប៉ុន្តែ របាយការណ៍មួយនាពេលថ្មីៗនេះបង្ហាញថា ប្រទេសនេះនឹងសម្រេចបានគោលដៅលើកម្រិតនៃការបញ្ចេញឧស្ម័នកាបូនស្មើសូន្យនៅឆ្នាំ ២០៥០។
សិង្ហបុរី ក៏កំពុងតែស្រាវជ្រាវលើគម្រោងសាកល្បងដើម្បីនាំចូលអគ្គិសនីពី ប្រទេសម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ផងដែរ។
មុនពេលនាំចេញអគ្គិសនីទៅកាន់ សិង្ហបុរី រដ្ឋាភិបាលឡាវ បានផ្ដោតលើការអនុវត្តគម្រោងវារីអគ្គិសនីជាច្រើននៅទូទាំងប្រទេស ដើម្បីជំរុញការនាំចេញអគ្គិសនីទៅកាន់បណ្ដាប្រទេសក្នុងតំបន់ ក្នុងនោះមាន កម្ពុជា ថៃ និង វៀតណាម ជាដើម។ ក្រៅពីនេះ ប្រទេសឡាវ ក៏ថែមទាំងនាំចេញអគ្គិសនីទៅកាន់ ប្រទេសចិន ទៀតផង៕