Skip to content

កម្ពុជា​នឹង​ផ្លាស់ប្តូរ​កម្លាំង​ពលកម្ម​សុទ្ធសាធ​មកជា​កម្លាំង​ពលកម្ម​ជំនាញ

ភ្នំពេញ៖ នៅក្នុង​ប្រទេស​កម្ពុជា​ប​ច្ចុ​ប្បន្ន កម្លាំង​ពលកម្ម​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ក៏ដូចជា​វិស័យ​សំណង់​ជាដើម​ដែរនោះ គេ​សង្កេតឃើញថា ភាគច្រើន​គឺជា​អ្នក​ប្រើ​កម្លាំង​ពលកម្ម​សុទ្ធសាធ ប៉ុន្តែ​ទោះជា​យ៉ាង​ដូច្នេះ​ក្តី ទាំងអស់នេះ​ត្រូវបាន​គេ​មើលឃើញថា នាពេល​អនាគត​កម្ពុជា​នឹង​តម្រូវឱ្យ​កម្លាំង​ពលកម្ម​ទាំងនោះ​ក្លាយជា​កម្លាំង​ពលកម្ម​ជំនាញ​ឱ្យបាន​នៅត្រឹម​ឆ្នាំ2025។

ទោះជា​ប្រទេស​តូច​មួយ មាន​ប្រជាជន​ចំនួន​ប្រមាណ​តែ​ជាង15លាន​នាក់​មែន តែ​សេដ្ឋកិច្ចកម្ពុជា​មាន​សម្ទុះ​រីកចម្រើន​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​កម្ពុជា​ជាទី​កន្លែង​មួយ​ដែលមាន​សុវត្ថិភាព និង​មាន​ភាព​ទាក់ទាញ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​អាស៊ីអាគ្នេយ៍​ដែលជា​មូលដ្ឋាន​ដ៏​ល្អ​សម្រាប់​ធុរជន និង​វិនិយោគិន​ចូលមក​បណ្តាក់ទុន​ប្រកបដោយ​ជំនឿ​ទុកចិត្ត ដែល​នេះ​ជា​ប្រសាសន៍ របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ “Round Table: South-East Asia Sourcing” ដែលមាន​ការចូលរួម​ពី​តំណាង​អង្គទូត​មួយចំនួន​ប្រចាំ​នៅ​ទីក្រុង​ប៉ារីស អ្នកជំនាញការ អ្នកបញ្ជា​ទិញ (BUYER) អ្នកសារព័ត៌មាន និង​អ្នកតំណាង​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​កាត់ដេរ និង​សម្លៀកបំពាក់​ដែល​មកពី​ប្រទេសផ្សេងៗជាច្រើនរូប​ទៀត។

ឯកឧត្តម​បញ្ជាក់ថា សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុ​ជាមាន​កំណើន​ជា​មធ្យម 7% ក្នុង​រយៈពេល 10ឆ្នាំ​ចុង​ក្រោយនេះ ក្នុងនោះ​រដ្ឋាភិបាល​កម្ពុ​ជា​បានកំណត់​នូវ​កម្លាំងចលករ​សំខាន់​ចំនួន4 ដែល​កំពុងតែ​ជំរុញ​កំណើនសេដ្ឋកិច្ច​រួមមាន:

ទី1. វិស័យ​កាត់ដេរ​សម្លៀកបំពាក់ វាយ​ន​ភណ្ឌ និង​ស្បែកជើង

ទី2. វិស័យ​សំណង់

ទី3. វិស័យ​ទេសចរណ៍

និង​ទី4. វិស័យ​កសិកម្ម។

ហើយ​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​ទាំង4នេះ កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​ទៅមុខ នាពេលថ្មីៗនេះ​រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ឱ្យប្រើ​ប្រាស់​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម2015-2025 សំដៅ​រក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​មានការ​អភិវឌ្ឍ​កាន់តែខ្លាំង​តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការពង្រឹង​ការប្រកួតប្រជែង និង​លើកកម្ពស់​ផលិតភាព។ «ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល គឺ​ដើម្បី​ផ្លាស់ប្តូរ និង​ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែកលើ​កម្លាំង​ពលកម្ម​ទៅជា​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែកលើ​ជំនាញ​នៅត្រឹម​ឆ្នាំ 2025»។

ទាក់ទង​នឹង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ផងដែរ លោក វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​កាត់ដេ​រ និង​ស្បែកជើង​កម្ពុជា​មានប្រសាសន៍​ថា កម្ពុ​ជាមាន​រោងចក្រ​កាត់ដេរ​ជាង 500 និង​មាន​កម្មករ-កម្មការិនី​កាត់ដេរ​ប្រមាណ​ជា 8សែន​នាក់ ដែលជា​កម្លាំង​ពលកម្ម​វ័យក្មេង​បាននិងកំពុង​ផលិត​សម្លៀកបំពាក់​ឱ្យ​អ្នកបញ្ជា​ទិញធំៗ និងល្បីៗលើ​ពិភពលោក ហើយ​បាន​កំពុង​នាំ​ចេញទៅ​បណ្តា​ប្រទេស​ជាច្រើន ជាពិសេស​សហគមន៍​អឺរ៉ុប អាមេរិក កាណាដា និង​ជប៉ុន៕

Leave a Reply

Your email address will not be published. Required fields are marked *