ក្រុមការងារបច្ចេកវិទ្យា ដឹកនាំដោយលោក ហ៊ាង សុទ្ធាយុត្តិ នៃ ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះធ្វើទស្សនកិច្ចសិក្សានៅទីស្នាក់ការរបស់ក្រុមហ៊ុន Huawei ដើម្បីធ្វើការឈ្វេងយល់ពីបច្ចេកវិទ្យាថ្មីៗ និងផ្លាស់ប្តូរបទពិសោធន៍ការងារ។
កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកវិទ្យា ចុះធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Huawei Technologies (Cambodia) Co., LTD ដែលមានទីស្នាក់ការ ស្ថិតនៅក្នុងអគារ Exchange Square និងជួបពិភាក្សាការងារជាមួយ លោក ឆាយ វិទូ នាយកផ្នែកលក់របស់ក្រុមហ៊ុននេះ។
គោលបំណងនៃការជួបពិភាក្សា និងទស្សនកិច្ចនេះ គឺដើម្បីធ្វើការឈ្វេងយល់ពីបច្ចេកវិទ្យាថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ការងារផ្នែកបច្ចេកវិទ្យាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងពិនិត្យលទ្ធភាពធ្វើសហប្រតិបត្តិការ រវាងក្រសួង និងក្រុមហ៊ុន សំដៅជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការគ្រប់គ្រងការងារកាន់តែប្រសើរ។
ក្រុមហ៊ុន Huawei បានសម្រេចបញ្ជូនអ្នកជំនាញបច្ចេកទេសរបស់ខ្លួនចុះមកសិក្សាអំពីស្ថានភាព និងបញ្ហាកំពុងប្រឈមនានា ជំវិញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជាការចូលស្វែងរកដំណោះស្រាយសម្រាប់ក្រសួង ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី៕