«ទាំងរោងចក្រនៅ រដ្ឋធានី Berlin ទាំងរោងចក្រនៅ Austin គឺសុទ្ធជា «ឡដុតលុយ» ដ៏ធំ» នេះបើតាម មហាសេដ្ឋី Elon Musk ដែលបានបង្ហើបឱ្យដឹងក្នុងកិច្ចសម្ភាសមួយនាពេលថ្មីៗនេះ។
ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា បណ្ដារោងចក្រផលិតរថយន្តអគ្គិសនីរបស់ Tesla នៅ ប្រទេសអាល្លឺម៉ង់ និងនៅ Texas សហរដ្ឋអាម៉េរិក កំពុងខាតរាបសិបពាន់លានដុល្លារ ក្នុងគ្រាដែលក្រុមហ៊ុននេះកំពុងប្រឹងប្រែងបង្កើនផលិតភាព។
នៅក្នុងកិច្ចសម្ភាសមួយកាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិរបស់ Tesla លោក Elon Musk បានឱ្យដឹងថា «ទាំងរោងចក្រនៅ Berlin ទាំងរោងចក្រនៅ Austin គឺសុទ្ធតែជា «ឡដុតលុយ» ដ៏ធំ»។
លោក Musk ក៏បានបង្ហើបឱ្យដឹងដែរអំពីគម្រោងកាត់បន្ថយបុគ្គលិកពេញសិទ្ធិចំនួន ១០% និងជ្រើសរើសបុគ្គលិកថ្មីដែលធ្វើតាមកិច្ចសន្យា។ ការសម្រេចនេះនឹងត្រូវអនុវត្តក្នុងអំឡុង ៣ ខែខាងមុខ។ បច្ចុប្បន្ន បុគ្គលិកពេញសិទ្ធិរបស់ Tesla មានចំនួន ២/៣ នៃកម្មករសរុបរបស់ក្រុមហ៊ុននេះ ក្រៅពីនេះគឺសុទ្ធតែជាបុគ្គលិកមានកិច្ចសន្យា។
យោងតាម Bloomberg ក្រុមហ៊ុន Tesla បានចំណាយពេលច្រើនឆ្នាំដើម្បីផ្ដល់អាទិភាពលើការសាងសង់រោងចក្រថ្មីនៅពាសពេញពិភពលោក ដើម្បីកាត់បន្ថយការចំណាយទៅលើការចែកចាយផលិតផល។ តាមគម្រោង រោងចក្រ Tesla នៅ អាល្លឺម៉ង់ នឹងផលិតរថយន្តបាន ៥០០,០០០ គ្រឿងជារៀងរាល់ឆ្នាំ។
ក៏ប៉ុន្តែ ដោយសារតែការទិញដូរ Twitter នៅមានបញ្ហាច្រើន ដូច្នេះ ក្រុមអ្នកជំនាញយល់ថា Elon Musk ទំនងជាពិបាកក្នុងការផ្ដោតអារម្មណ៍ទៅលើការដឹកនាំ Tesla ពិសេសគឺនៅក្នុងពេលដែលក្រុមហ៊ុនដទៃកំពុងប្រឹងប្រែងដណ្ដើមទីផ្សាររថយន្តអគ្គិសនីដែលកំពុងផ្ទុះការពេញនិយមខ្លាំងនាបច្ចុប្បន្ន៕