ក្រោយបើកដំណើរការបានជាង 600 ទីក្រុងនៅទូទាំងពិភពលោករួចមក ក្រុមហ៊ុនផ្ដល់សេវាដឹកអ្នកដំណើររបស់សហរដ្ឋអាមេរិក Uber ដែលហៅ Taxi តាមកម្មវិធីទូរស័ព្ទ បានដំណើរការអាជីវកម្មរបស់ខ្លួនជាផ្លូវការហើយក្នុងទីផ្សារប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី28 ខែកញ្ញា នេះ។ ការបើកដំណើរនេះ ជាមធ្យោបាយថ្មី និងងាយស្រួលមួយទៀតសម្រាប់អ្នកធ្វើដំណើរក្នុងរាជធានីភ្នំពេញ ដោយគ្រាន់តែចុចប៊ូតុងមួយលើស្មាតហ្វូនរបស់លោកអ្នក ហើយលោកអ្នកនឹងទទួលបានសេវាដឹកជញ្ជូនធ្វើដំណើរក្នុងតម្លៃសមរម្យ មានទំនុកចិត្ត និងសុវត្ថិភាព។
លោក Brooks Entwistle នាយកគ្រប់គ្រងអាជីវកម្មក្រុមហ៊ុន Uber បានឱ្យដឹងថា ការបើកដំណើរកម្មវិធី Uber ក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុនលោកបាននាំមកនូវបច្ចេកវិទ្យា Ridesharing ដើម្បីបម្រើសេវាជូនអ្នកធ្វើដំណើរអ្នកបើកបរជាដៃគូ និងអ្នករស់នៅក្នុងរាជធានីភ្នំពេញ។ ទាំងអស់នេះជាការរួមចំណែកដល់វិស័យសេដ្ឋកិច្ចជាមួយសក្ដានុពលឈានមុខគេក្នុងចំណោមបណ្ដាប្រទេសដទៃទៀតក្នុងតំបន់ដែលអាចឆ្លើយតបទៅនឹងបច្ចេកវិទ្យា និងឱកាសថ្មី។ លោកបន្ដថា បច្ចុប្បន្ន Uber មានដំណើរការលើ 78 ប្រទេស និង 600 ទីក្រុងទូទាំងពិភពលោក ហើយរាជធានីភ្នំពេញក៏មាននៅក្នុងនោះដែរ។
ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានមានប្រសាសន៍ផងដែរថា រយៈពេល 5 ខែហើយដែលក្រសួងបានសហការជាមួយនឹង Uber ដើម្បីស្វែងយល់ និងនាំមកនូវប្រព័ន្ធមធ្យោបាយដឹកជញ្ជូន “shared mobility” ថ្មីដូចជាបច្ចេកវិទ្យាកម្មវិធី Ridesharing។ ការសម្ពោធកម្មវិធី Uber ថ្ងៃនេះបង្ហាញឱ្យឃើញពីការរួមចំណែករបស់រាជរដ្ឋាភិបាលជាមួយវិស័យឯកជនក្នុងការផ្ដល់នូវអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មី។
ឯកឧត្តមថ្លែងថា៖ «វាជាការប្ដេជ្ញាខ្ពស់ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយធ្វើដំណើរបែបទំនើបប្រកបដោយគុណភាពទំនុកចិត្ត និងសុវត្ថិភាព»។
ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាក៏បានថ្លែងឱ្យដឹងដែរថា Uber នាំមកនូវបច្ចេកវិទ្យាច្នៃបង្កើតថ្មីមកកាន់កម្ពុជាដើម្បីផ្ដល់ជូននូវជម្រើសមធ្យោបាយដឹកជញ្ជូនធ្វើដំណើរថ្មីមួយសម្រាប់អ្នកដំណើរក៏ដូចជាឱកាសរកចំណូលសម្រាប់អ្នកបើកបរផងដែរ។ នេះជាគំរូឧទាហរណ៍ដ៏ល្អមួយសម្រាប់វិស័យឯកជនដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីនេះ៕