ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ផ្ទាំងសូឡាដែលដាក់នៅលើគន្លងគោចរជុំវិញផែនដី នឹងមានប្រៀបជាងធៀបនឹងប្រព័ន្ធដែលដាក់នៅលើដី ដោយសារតែប្រព័ន្ធនៅលើដីមិនអាចដំណើរការបាននៅពេលយប់ ពេលមានពពកបាំង ឬពេលមានភ្លៀងធ្លាក់។
ទីភ្នាក់ងារសារព័ត៌មាន Bloomberg ចុះផ្សាយថា ក្រុមអ្នកស្រាវជ្រាវចិន ទើបតែបានសាកល្បងដោយជោគជ័យនូវរូបមន្តបច្ចេកវិទ្យាមួយដែលអនាគតអាចត្រូវបានប្រើប្រាស់សម្រាប់បញ្ជូនថាមពលអគ្គិសនីពីទីអវកាសមកកាន់ផែនដីដោយមិនបាច់មានខ្សែ។
គំរូនៃស្ថានីយបញ្ជូន និងទទួលថាមពលដែលត្រូវបានដាក់នៅឯសាកលវិទ្យាល័យ Xidian ក្នុងខេត្ត Shaanxi នេះ បានស្រូបយកថាមពលព្រះអាទិត្យនៅលើទីខ្ពស់ ហើយបំប្លែងវាទៅជារលកកាំរស្មី។ ក្រោយមក វាបញ្ជូនរលកកាំរស្មីនេះឆ្លងកាត់តាមបរិយាកាស មកកាន់ស្ថានីយទទួល ជាទីដែលអាចបំប្លែងរលកកាំរស្មីឱ្យត្រលប់ទៅជាអគ្គិសនីវិញ។
ការធ្វើតេស្តបច្ចេកវិទ្យានេះសម្រេចបានគោលដៅ ៥៥ ម៉ែត្រ។ ក៏ប៉ុន្តែ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ថ្ងៃណាមួយបច្ចេកវិទ្យានេះអាចត្រូវបានពង្រឹងសមត្ថភាព និងពង្រីកដែនប្រតិបត្តិការដើម្បីអាចបញ្ជូន និងទទួលថាមពលពីផ្ទាំងសូឡានៅលើមេឃ។
បច្ចុប្បន្ន ប្រទេសចិន មិនមែនជាប្រទេសតែមួយគត់ដែលកំពុងអភិវឌ្ឍបច្ចេកវិទ្យាខាងលើនេះទេ។ ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យា California សហរដ្ឋអាម៉េរិក ក៏បានដំណើរការកម្មវិធីមួយដែលមានបំណងទាញយកថាមពលព្រះអាទិត្យពីទីអវកាស បន្ទាប់ពីទទួលបានទុនវិនិយោគ ១០០ លានដុល្លារអាម៉េរិក កាលពីឆ្នាំ ២០១៣។
ក្រុមអ្នកវិទ្យាសាស្ត្រនៅ ប្រទេសឥណ្ឌា, រុស្ស៊ី, អង់គ្លេស និង បារាំង ក៏កំពុងតែស្រាវជ្រាវបច្ចេកវិទ្យាដ៏មានសក្ដានុពលនេះផងដែរ។ យោងតាមសាកលវិទ្យាល័យ Xidian បច្ចុប្បន្ន ជប៉ុន គឺជាប្រទេសដែលកំពុងនាំមុខគេនៅក្នុងវិស័យនេះ៕