កាលពីថ្ងៃទី ២១ មិថុនា នាយករដ្ឋមន្ត្រីក្រិក Kyriakos Mitsotakis បានឱ្យដឹងថា រដ្ឋាភិបាលក្រិក នឹងបែងចែកខ្ទង់ប្រាក់ ៣៧៥ លានអឺរ៉ូ (៣៩៤.៩ លានដុល្លារអាម៉េរិក) ដើម្បីប៉ះប៉ូវថ្លៃសាំង និងប្រេងម៉ាស៊ូត ដែលកំពុងឡើងថ្លៃខ្ពស់។
កញ្ចប់ជំនួយថ្មីនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ខែកក្កដា សីហា និងកញ្ញា ដើម្បីជួយដល់អ្នកបើកបរជាង ៣ លាននាក់។ កញ្ចប់ជំនួយថ្មីនេះនឹងធ្វើឱ្យថវិកាសរុបដែលជាជំនួយរបស់រដ្ឋសម្រាប់ដោះស្រាយបញ្ហាប្រេងឥន្ធនៈឡើងថ្លៃ ឡើងដល់ ៥៨០ លានអឺរ៉ូ នេះបើតាមនាយករដ្ឋមន្ត្រីក្រិក លោក Mitsotakis។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា កញ្ចប់ជំនួយថ្មី Fuel Pass 2 នេះ នឹងបង្កើនជំនួយសម្រាប់ថ្លៃសាំងពី ៤៥ ឡើងទៅ ៨០ អឺរ៉ូ ចំពោះរថយន្ត និងពី ៣៥ ឡើងទៅ ៦០ អឺរ៉ូ ចំពោះម៉ូតូ។
ដូច្នេះ តម្លៃប្រេងសាំងដែលត្រូវបានរដ្ឋាភិបាលផ្ដល់ជំនួយនឹងថយចុះ ៤៤សេន/លីត្រ។ រដ្ឋាភិបាលក្រិក ក៏សម្រេចចិត្តបញ្ចេញខ្ទង់ប្រាក់ជំនួយសម្រាប់ការប្រើប្រាស់ប្រេងម៉ាស៊ូត ដើម្បីរក្សាតម្លៃឱ្យនៅក្រោម ២ អឺរ៉ូ/លីត្រ ដោយផ្ដល់ជំនួយ ១២ សេន/លីត្រ។
រដ្ឋាភិបាលក្រិក បានណែនាំកម្មវិធី Fuel Pass កាលពីចុងខែមេសា អនុញ្ញាតឱ្យអ្នកបើកបរដែលគ្រួសារមានចំណូលក្រោម ៣០,០០០ អឺរ៉ូ/ឆ្នាំ អាចទិញសាំងដែលមានជំនួយពីរដ្ឋាភិបាលចំនួន ៦០ លីត្រ ជារៀងរាល់ខែ ជាមួយនឹងខ្ទង់ប្រាក់ជំនួយ ២២ សេន/លីត្រ។
ក្រសួងអភិវឌ្ឍ និងវិនិយោគរបស់ ក្រិក បានឱ្យដឹងថា សាំង ១ លីត្រ មានតម្លៃជាមធ្យម ២.៤២ អឺរ៉ូ និងប្រេងម៉ាស៊ូត មានតម្លៃ ២.១១ អឺរ៉ូ កាលពីថ្ងៃទី ២០ មិថុនា។ គិតមកដល់បច្ចុប្បន្ន តម្លៃប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងម៉ាស៊ីន បានកើនឡើង ៣៦.៦% ធៀបនឹងឆ្នាំ ២០២១៕