កប៉ាល់ខ្នាតយក្សមួយគ្រឿងដែលត្រូវបានដំឡើងរួចរាល់ និងប្រគល់ឱ្យអតិថិជននៅ ជប៉ុន កាលពីថ្ងៃទី ១៨ មិថុនា បានក្លាយជាកប៉ាល់ផលិត និងផ្ទុកប្រេងឧស្ម័នធំជាងគេបង្អស់មួយនៅក្នុងពិភពលោក។
កប៉ាល់ដែលមានឈ្មោះថា FPSO Almirante Barroso MV32 គឺជាគម្រោងកប៉ាល់ផលិត រក្សាទុក និងលើកដាក់ទំនិញ ទី ១១ ដែលសាងសង់ដោយ ក្រុមហ៊ុនចិន COSCO ទៅតាមការកុម្មង់ពី ក្រុមហ៊ុនជប៉ុន MODEC Inc ដែលជាអ្នកផ្គត់ផ្គង់ និងគ្រប់គ្រងប្រព័ន្ធខួងអណ្ដែតលើសមុទ្រខ្នាតអន្តរជាតិ។
ការប្រគល់កប៉ាល់ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ១៨ មិថុនា នៅទីក្រុង Dalian នៃខេត្ត Liaoning ភាគឦសានប្រទេសចិន បានជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ ប្រទេសចិន ក្នុងការផ្គត់ផ្គង់ឧបករណ៍បច្ចេកទេសទំនើបៗសម្រាប់ដែនសមុទ្រ។
កប៉ាល់ FPSO Almirante Barroso MV32 ត្រូវបានកែសម្រួលពីកប៉ាល់ដឹកប្រេងឆៅខ្នាតយក្ស (VLCC) មួយគ្រឿងដែលមានបណ្ដោយប្រវែង ៣៣២ ម៉ែត្រ ទទឹង ៥៨ ម៉ែត្រ និងកម្ពស់ ៣១ ម៉ែត្រ។
កប៉ាល់នេះនឹងត្រូវបានប្រើប្រាស់នៅក្នុងតំបន់រ៉ែប្រេង Buzios របស់ ប្រេស៊ីល នៅលើតំបន់សមុទ្រដែលមានជម្រៅ ១,៩០០ ម៉ែត្រ។ FPSO Almirante Barroso MV32 អាចផ្ទុកប្រេងឆៅបានរហូតដល់ ១.៤ លានធុង ហើយអាចចម្រាញ់ប្រេងឆៅបាន ១៥០,០០០ ធុង និង ឧស្ម័នធម្មជាតិបាន ៦ លានម៉ែត្រគូប ជារៀងរាល់ថ្ងៃ។
គម្រោង FPSO មានមុខងារផ្សេងគ្នាជាច្រើន រួមមានដូចជា ការកែច្នៃផលិតផល ការរក្សាទុកផលិតផល ការលើកដាក់ផលិតផល និងមានបន្ទប់ស្នាក់នៅសម្រាប់បុគ្គលិក និងកម្មករជាដើម។ សាលសម្រាប់ជួបជុំ លេងកម្សាន្តសម្រាប់បុគ្គលិករបស់កប៉ាល់នេះអាចដាក់មនុស្សបាន ១៦០ នាក់ ក្នុងពេលតែមួយ និងមានស្ដង់ដាប្រហាក់ប្រហែលនឹងសណ្ឋាគារលំដាប់ផ្កាយ ៥។
កប៉ាល់នេះអាចដំណើរការជាបន្តបន្ទាប់នៅតំបន់រ៉ែលើសមុទ្រក្នុងរយៈពេល ២៨ ឆ្នាំ ដោយមិនបាច់ចូលចតនៅកំពង់ផែ និងថែទាំ៕