Skip to content

ដំណឹង​ល្អ! តម្លៃ​ប្រេងសាំង​នឹង​ធ្លាក់ចុះ​បន្តិច​នៅ​ចុងខែ​តុលា​ខាងមុខនេះ

ភ្នំពេញ៖ ដើម្បី​ជួយ​សម្រួល​ការចំណាយ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ សិស្ស-និស្សិត មន្ត្រីរាជការ ក៍​ដូចជា​កម្មករ-កម្មការិនី​ដែរនោះ ក្រសួង​ពាក់ព័ន្ធធំៗចំនួន3 បានរៀបចំ​កិច្ចប្រជុំ​ដ៍​កម្រ​មួយ​ឡើង​ដើម្បី​កំណត់​តម្លៃ​ប្រេងសាំង​នៅលើ​ទីផ្សារ​ឱ្យមាន​តម្លៃ​ទាប​ជាង​មុន។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី27 ខែកញ្ញា ឆ្នាំ2017ម្សិលមិញ​នេះ ដើម្បី​ធ្វើការ​កែសម្រួល​តម្លៃ​សម្រាប់​ការលក់​ផលិតផល​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​អន្តរក្រសួង ព្រមទាំង​តំណាង​ក្រុមហ៊ុន​ចែកចាយ និង​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ប្រមាណ​ជាង 30នាក់។

ជា​លទ្ធផល​អង្គ​ប្រជុំបាន​សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​សេចក្តីប្រកាស​រួម ស្តីពី​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី ដើម្បី​ជួយ​សម្រួល​វិស័យ​ឯកជន និង​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រកួតប្រជែង​ផ្នែក​គុណភាព​ប្រេងសាំង​ស៊ុប​ពែរ ព្រមទាំង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន និង​ទាក់ទាញ​ការគាំទ្រ​ពី​អ្នកប្រើប្រាស់​គ្រប់​មជ្ឈដ្ឋាន។

សេចក្តីប្រកាស​អន្តរក្រសួង​ថ្មី​នេះ ត្រូវបាន​ចុះហត្ថលេខា​រួមគ្នា​ដោយ​រដ្ឋមន្ត្រី នៃ​ស្ថាប័នសំខាន់ៗចំនួន3គឺ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល ដែលមាន​ខ្លឹមសារ​ផ្តោត​សំខាន់​លើ​ការកំណត់​តម្លៃ​សម្រាប់​ការលក់​ផលិតផល​ប្រេងសាំង​ស៊ុប​ពែរ (EA95), ប្រេងសាំង​ធម្មតា (EA92) និង​ប្រេងម៉ាស៊ូត ឲ្យ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន។

សេចក្តីសម្រេច​នេះ​បាន​កំណត់ឱ្យ​អនុវត្ត​ចាប់តាំងពី​ថ្ងៃទី1 ខែតុលា ឆ្នាំ2017 ដោយ​ការកំណត់​តម្លៃ Premium សម្រាប់​ប្រេងសាំង​ស៊ុប​ពែរ (EA95) នឹង​ពុំមាន​តទៅទៀត​ឡើយ។ ស្របគ្នា​នេះដែរ តម្លៃ Premium សម្រាប់​ប្រេងសាំង​ធម្មតា (EA92) នឹងត្រូវ​បញ្ចុះ​ពី 0,23 ដុល្លារ/លីត្រ មក​នៅត្រឹម 0,22 ដុល្លារ/លីត្រ និង​តម្លៃ Premium សម្រាប់​ប្រេងម៉ាស៊ូត នឹងត្រូវ​បញ្ចុះ​ពី 0,27 ដុល្លារ/លីត្រ មក​នៅត្រឹម 0,25 ដុល្លារ/លីត្រ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *