ក្រុម Paris St-Germain បានយកឈ្នះលើក្រុម Bayern Munich ដោយលទ្ធផល 3-0 ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ដើម្បីនាំមុខ2ពិន្ទុដាច់នៅលើកំពូលតារាងនៃពូល B។ ខ្សែការពារ Dani Alves បានជួយឲ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខមុន ក្រោយពីលេងបានត្រឹមតែ84 វិនាទី ក្រោយពីការបញ្ជូនបាល់ឱ្យយ៉ាងល្អពីសំណាក់ Neymar បន្ទាប់មកអ្នកចាំទី Alphonse Areola បានសង្គ្រោះបាល់មួយគ្រាប់យ៉ាងល្អដើម្បីរារាំងមិនឲ្យកីឡាករ Javi Martinez របស់ក្រុម Bayern រកគ្រាប់បាល់តាមស្មើបាន មុនពេល PSG បំពេញការទទួលជ័យជម្នះយ៉ាងកក់ក្តៅនៅពេលចប់ការប្រកួត។
ខ្សែប្រយុទ្ធ Edinson Cavani បានបន្ថែមការនាំមុខរបស់ក្រុមខ្លួន នៅមុនពេល Neymar បានជួយឲ្យពួកគេកត់ត្រាជ័យជម្នះក្នុងលទ្ធផល 3-។ ស្របពេលជាមួយគ្នានេះដែរ នៅក្នុងការប្រកួតពូល B មួយគូទៀត ក្រុម Celtic បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល 3-០ ដូចគ្នានៅលើទឹកដីក្រុម Anderlecht ដើម្បីតាមស្មើពិន្ទុជាមួយនឹងក្រុម Bayern។ លោក Unai Emery គ្រូបង្វឹករបស់ PSG បានឲ្យដឹងថា៖ «រឿងដ៏សំខាន់បំផុតនោះគឺការដណ្តើមបាន3ពិន្ទុ ប៉ុន្តែ វាក៏សំខាន់សម្រាប់ខ្ញុំផងដែរដែលអ្នកគាំទ្ររបស់យើងបានរីករាយនឹងការប្រកួតនេះ និងឃើញយើងឈ្នះពេលជួបនឹងក្រុមដ៏ខ្លាំងមួយ»។
ក្នុងការប្រកួតមួយគូផ្សេងទៀតនាថ្ងៃដដែលនោះដែរ ខ្សែប្រយុទ្ធ Michy Batshuayi បានរកគ្រាប់បាល់ឈ្នះឱ្យក្រុម Chelsea របស់ខ្លួនផ្តួលម្ចាស់ផ្ទះ Atletico Madrid ក្នុងលទ្ធផល 2-1។ Chelsea បានធ្វើការវាយលុកពីការដេញតាមពីក្រោយ1គ្រាប់ដោយគ្រាប់បាល់ប៉េណាល់ទីរបស់ Antoine Griezmann ដើម្បីកត់ត្រាជ័យជម្នះដ៏មិននឹកស្មានដល់នៅលើទឹកដីក្រុម Atletico តាមរយៈគ្រាប់បាល់របស់ Alvaro Morata និង Batshuayi៕
ប្រភពពី៖ BBC