គម្រោងសាងសង់វិមានតារាសាស្ត្រនៅលើកម្ពស់ ៣,៦៥០ ម៉ែត្រ ធៀបនឹងផ្ទៃទឹកសមុទ្រ ត្រូវបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី ១២ មិថុនា នៅតំបន់ស្វយ័តទីបេ (Tibet)។
លោក Wang Junjie អនុប្រធានមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីបេ បានឱ្យដឹងថា វិមានតារាសាស្ត្រនេះនឹងមានទំហំសរុប ១១,៥៧១ ម៉ែត្រក្រឡា និងមានរូបរាងដូចទៅនឹងអាចម៍ផ្កាយមួយដុំ។
សំណង់នេះនឹងត្រូវបានដាក់នៅស្លាបខាងកើតរបស់សារមន្ទីរវិទ្យាសាស្ត្រធម្មជាតិទីបេ នៅទីក្រុងរដ្ឋបាល Lhasa របស់តំបន់នេះ។ នៅពេលសាងសង់រួចរាល់ វានឹងក្លាយជាវិមានតារាសាស្ត្រខ្ពស់ជាងគេបង្អស់ក្នុងពិភពលោក ដោយមានកម្ពស់ ៣,៦៥០ ម៉ែត្រ ធៀបនឹងផ្ទៃទឹកសមុទ្រ ខ្ពស់ជាង ៧៧៣ ម៉ែត្រ ធៀបនឹង Pic du Midi ដែលជាវិមានតារាសាស្ត្រ (កម្ពស់ ២,៨៧៧ ម៉ែត្រ) ខ្ពស់បំផុតនៅ អឺរ៉ុប និងមានទីតាំងនៅ ប្រទេសបារាំង។
វិមានតារាសាស្ត្រទីបេ នឹងបើកទ្វារដំណើរការនៅឆ្នាំ ២០២៤ ហើយអាចទទួលទេសចរបានជាង ១០០,០០០ នាក់ជារៀងរាល់ឆ្នាំ។ តាមផែនការ គម្រោងនេះនឹងជួយដល់ការស្រាវជ្រាវផ្នែកតារាសាស្ត្ររបស់ ប្រទេសចិន។
ក្នុងនាមជា «ដំបូលផ្ទះរបស់ពិភពលោក» ដោយសារស្ថិតនៅលើកម្ពស់ជាមធ្យមជាង ៤,០០០ ម៉ែត្រ ធៀបនឹងទឹកសមុទ្រ តំបន់ទីបេ មានផ្ទៃមេឃស្រលះ ល្អសម្រាប់ការសង្កេតមើលតារា។
វិមានខាងលើនឹងត្រូវបានបំពាក់តេឡេស្កុបចំណាំងបែរ (refracting telescope) ធំជាងគេក្នុងតំបន់ ដោយអង្កត់ផ្ចិតរបស់កញ្ចក់មានប្រវែង ១ ម៉ែត្រ។ ឧបករណ៍នេះត្រូវបានសហការអភិវឌ្ឍដោយវិមានតារាសាស្ត្រទីបេ និងស្ថានីយជាតិសង្កេតតារារបស់ ប្រទេសចិន។ វានឹងត្រូវបានប្រើប្រាស់ក្នុងការសង្កេតមើលផ្កាយដែលមានពន្លឺមិនប្រក្រតី និងដែនពេលវេលាក្នុងតារាសាស្ត្រ។
វិមានតារាសាស្ត្រទីបេ នឹងជាផ្នែកមួយដ៏សំខាន់ក្នុងបណ្ដាញសង្កេតតារារបស់ ប្រទេសចិន។ វានឹងក្លាយជាមូលដ្ឋានគ្រឹះដើម្បីស្រាវជ្រាវតារាសាស្ត្រ និងអប់រំវិទ្យាសាស្ត្រសាធារណៈក្នងតំបន់៕