លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បាននិយាយថា ក្រុមរបស់លោកស្ទើរតែបានស្ថិតក្នុងក្របខ័ណ្ឌ Champions League វគ្គ16ក្រុមចុងក្រោយទៅហើយ ក្រោយពីបានលត់ក្រុម CSKA Moscow យ៉ាងចាស់ដៃក្នុងលទ្ធផល 4-1 ក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ។
ខ្សែប្រយុទ្ធ Romelu Lukaku បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ខណៈដែលខ្សែប្រយុទ្ធ Anthony Martial បានរកគ្រាប់បាល់បញ្ចូលទី1គ្រាប់ដោយបាល់ប៉េណាល់ទី ហើយ Henrikh Mkhitaryan បានរកគ្រាប់បាល់ទី4សម្រាប់ក្រុមខ្លួន ខណៈដែលក្រុមបិសាចក្រហម Man United បានរក្សាកំណត់ត្រាឈ្នះ100ភាគរយក្នុងពូល A។ ក្រុម Man United បានទទួលជ័យជម្នះតែ1លើកគត់ក្នុងចំណោមការប្រកួតក្រៅธไទឹកដី10លើកចុងក្រោយរបស់ពួកគេនៃយុទ្ធនាការនេះ ប៉ុន្តែ ការរកគ្រាប់បាល់បញ្ចូលទី2គ្រាប់ក្នុងចន្លោះពេលត្រឹមតែ18នាទី បានជួយឲ្យក្រុមយក្សអង់គ្លេសមួយនេះ បំពេញការទទួលបានជ័យជម្នះយ៉ាងកក់ក្តៅនៅកីឡដ្ឋាន VEB Arena តែម្តង។
លោក Mourinho ដែលក្រុមរបស់លោក បានផ្តួលក្រុម Basel 3-0 ក្នុងការប្រកួតបើកឆាកក្នុងពូលកាលពី 2សប្តាហ៍មុននោះ បានឲ្យដឹងថា៖ «រឿងដ៏សំខាន់បំផុតគឺការរកបាន 6ពិន្ទុពី2ប្រកួត និងស្ថិតក្នុងទីតាំងយ៉ាងល្អក្នុងក្របខ័ណ្ឌ Champions League»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំត្រូវតែទទួលស្គាល់ថា រូបគេ (Lukaku) កំពុងតែរកបានគ្រាប់បាល់បញ្ចូលទីដ៏សំខាន់ៗស្ទើរតែរាល់ការប្រកួតទាំងអស់។
យើងដឹងថា រូបគេជាកីឡាករដ៏ឆ្នើមម្នាក់ រូបគេអាចរកគ្រាប់បាល់បានច្រើន ហើយការលេងក្នុងក្រុមដែលប្រជុំដោយកីឡាករឆ្នើមៗជាច្រើន វាកាន់តែងាយស្រួលទៅទៀតក្នុងការរកគ្រាប់បាល់»។ ស្របពេលជាមួយគ្នានេះដែរ Gonzalo Higuain បានធ្វើឲ្យយុទ្ធនាការ Champions League របស់ក្រុម Juventus ជួបភាពល្អប្រសើរឡើងវិញ ក្រោយពីបានចូលលេងក្នុងនាមជាកីឡាករបម្រុងដើម្បីជួយឲ្យក្រុមម្ចាស់ជើងឯករងកាលពីឆ្នាំមុនមួយនេះ ទទួលជ័យជម្នះ 2-0 លើក្រុម Olympiakos ក្នុងការប្រកួតពូល D កាលពីថ្ងៃពុធ៕
ប្រភពពី៖ BBC