ប្រទេសឥណ្ឌា, អេក្វាទ័រ, ចិន, អាហ្សង់ទីន, ឥណ្ឌូណេស៊ី, ថៃ និង វៀតណាម បាននាំចេញបង្កងសរុប ២.៥៧ លានតោនក្នុងឆ្នាំ ២០២១ ដោយសារតម្រូវការទីផ្សារ និងតម្លៃបានងើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
ការនាំចេញបង្កងក្នុងឆ្នាំ ២០២១ របស់បណ្ដាប្រទេសខាងលើ (លើកលែងតែ អាហ្សង់ទីន) ដែលសុទ្ធសឹងតែជាកំពូលអ្នកចិញ្ចឹមបង្កង បានកើនដល់ ២.៥៧ លានតោន ខ្ពស់ជាង ១៥% ធៀបនឹង ២.២៤ លានតោនកាលពីឆ្នាំ ២០២០ នេះបើតាមស្ថិតិរបស់ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។ ប្រាក់ចំណូលដែលបានពីការនាំចេញនេះបានកើនឡើងដល់ ២០.៧៩ ពាន់លានដុល្លារ ខ្ពស់ជាង ២៣% ធៀបនឹង ១៦.៩៧ ពាន់លានដុល្លារកាលពីឆ្នាំ ២០២០។
ការកើនឡើងខាងលើគឺដោយសារការងើកឡើងវិញនៃតម្រូវការនៅ តំបន់អាម៉េរិកខាងជើង និង អឺរ៉ុប នៅពេលរដ្ឋាភិបាលនានាចាប់ផ្ដើមដកហូត ឬកាត់បន្ថយវិធានការទប់ស្កាត់កូវីដ-១៩។
ទោះជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំ ២០២២ វិស័យនាំចេញបង្កងកំពុងជួបឧបសគ្គ ព្រោះតែសម្ពាធពីបញ្ហាអតិផរណាបង្ខំឱ្យប្រជាជនចាយវាយក្បិតក្បៀតជាងមុន។
កំណើនខ្ពស់នៃការនាំចេញបង្កងរបស់ពិភពលោកក្នុងឆ្នាំ ២០២១ គឺដោយសារ អេក្វាទ័រ និង ឥណ្ឌា ដែលជាអ្នកនាំចេញបង្កងច្រើនជាងគេ។ ឆ្នាំ ២០២១ អេក្វាទ័រ នាំចេញបង្កងបានប្រមាណ ៨១៦,០០០ តោន កើន ២៤% និងរកបានចំណូលជាង ៥.១៥ ពាន់លានដុល្លារអាម៉េរិក កើន ៤១% ធៀបនឹងឆ្នាំ ២០២០។
ឥណ្ឌា គឺជាអ្នកនាំចេញបង្កងច្រើនជាងគេលំដាប់ទីពីរ។ ឆ្នាំ ២០២១ ប្រទេសនេះបាននាំចេញបង្កងប្រមាណ ៧៣៤,០០០ តោន កើន ២៨% និងរកបានប្រាក់ចំណូល ៥.៧៣ ពាន់លានដុល្លារ កើន ៣៤% ធៀបនឹងឆ្នាំ ២០២០។
ឥណ្ឌូណេស៊ី នាំចេញបង្កងបាន ២៤១,០០០ តោន កើន ៥% ធៀបនឹងឆ្នាំ ២០២០ ខណៈដែលកំណើននៃការនាំចេញបង្កងរបស់ ថៃ និង វៀតណាម ត្រូវរងផលប៉ះពាល់ច្រើនក្នុងឆ្នាំ ២០២១ ដោយសារតែកូវីដ-១៩៕